ឯកឧត្តម បោន ប៊ិន អញ្ជើញជាអធិបតីភាពក្នុងវគ្គជីវភាពនយោបាយ ស្តីពីខួបអនុស្សាវរីយ៍លើកទី៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត


នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានសង្កាត់អូរជ្រៅ បានអញ្ជើញជាអធិបតីភាព ក្នុងវគ្គជីវភាពនយោបាយ ស្តីពីខួបអនុស្សាវរីយ៍លើកទី៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤) ប្រារព្ធឡើងនៅទីស្នាក់ការគណបក្សប្រជាជន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លាក-លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ និងភូមិ ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិការ យុវជនបក្សសង្កាត់ សរុបចំនួន២៣០នាក់។

តំណាងយុវជនគណបក្សសង្កាត់ ក៏បានធ្វើការប្តេជ្ញាចិត្ត ដោយបន្តគាំទ្រ ការពារ និងលើកកម្ពស់ តួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាឱ្យកាន់តែរឹងមាំ នៅគ្រប់ដំណាក់កាល, ប្តេជ្ញាបន្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ឱ្យសម្រេចបានជោគជ័យ, ប្តេជ្ញា! ប្រែក្លាយលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ឱ្យក្លាយទៅជាជ័យជម្នះធំធេងថែមទៀត របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៦ ឆ្នាំ២០២៨, បន្តគាំទ្រ ការអនុវត្តម៉ឹងម៉ាត់ ដំណើរការកែទម្រង់តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនា កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតី ឯករាជ្យ និងប្តេជ្ញា! ការពាររាជរដ្ឋាភិបាល ការពារសន្តិភាព និងស្ថេរភាពនយោបាយ មិនឱ្យអនុភាពប្រតិកិរិយាណាមកបំផ្លាញបានជាដាច់ខាត។

ក្នុងឱកាសនោះ ឯកឧត្តម បោន ប៊ិន ផ្តាំផ្ញើការសួសុខទុក្ខពីសំណាក់ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តម ឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្ត ជូនដល់សមាជិក-សមាជិការដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានោះឯកឧត្តមបានលើកឡើងថា ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើបុព្វហេតុដ៏ឧត្តុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់ កាលធំៗ របស់ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការតស៊ូរំដោះជាតិ, ការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍, ការការពារ ស្តារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ និងការអភិវឌ្ឍ។

ឯកឧត្តម បោន ប៊ិន បញ្ជាក់ថា ក្នុងរយៈពេល៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ទោះបីសភាពការណ៍ជាតិមានការវិវត្តដ៏ស្មុគស្មាញ យ៉ាងណាក្តី តែគណបក្សបានរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ជាពិសេសបានផ្តួលរំលំរបបដ៏សាហាវឃោរឃៅនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា និងបានដណ្តើមយកមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត។

សូមបញ្ជាក់ផងដែរថា ចំពោះសមាជិក-សមាជិកា ដែលបានចូលរួមក្នុងម្នាក់ៗទទួលបាន មី១កេសតូច, សារ៉ុង១, អាវកីឡកំប្លេ រួមនឹងថវិក៥ម៉ឺនរៀល៕