ឯកឧត្តម ជិន ប៊ុនធឿន សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ ជំនួសឯកឧត្តម ឯក ឃុន ដឿន ដែលត្រូវបានតែងតាំងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋាន ខណ្ឌប្ញស្សីកែវ នៅមជ្ឈមណ្ឌលម៉ូឌែន៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងនូវការអរគុណចំពោះសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានលះបង់អស់កម្លាំងកាយចិត្ត ដើម្បីគណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតមជូនគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ ក្នុងការដឹកនាំប្រទេសជាតិ រហូតមកដល់ពេលនេះ។
ឯកឧត្តម ឃួង ស្រេង ស្នើឲ្យប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខណ្ឌប្ញស្សីកែវ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានសុវត្ថិភាព។ បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ បង្រ្កាបគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
បន្ថែមពីនេះ ឯកឧត្តម ឃួង ស្រេង បានជំរុញគណបក្សខណ្ឌ សង្កាត់ត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានលឿន និងមានតម្លាភាព ដើម្បីឲ្យប្រជាពលរដ្ឋ គោរពស្រលាញ់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា មានឱកាសអភិវឌ្ឍន៍ប្រទេស សម្រេចបាន នូវចក្ខុវិស័យឲ្យក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ឯកឧត្តម ឃួង ស្រេង បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ឲ្យក្លាយជាចលនាឯកភាពជាតិតែមួយ ដោយគម្រោង «ព្រែកជីកហ្វូណនតេជោ» មិនមែនជាទ្រព្យសម្បត្តិរបស់នរណាម្នាក់នោះទេ តែជាទ្រព្យរបស់ជាតិនិងប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា។ «ព្រែកជីកហ្វូណនតេជោ» ជាទ្រសម្បត្តិមហាសាលសម្រាប់កម្ពុជា ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ៕