អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាល និងនាំអំណោយចែកជូនជាមួយមេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិនៅទូទាំងឃុំស្ទឹងកាច់ស្រុកសាលាក្រៅ


លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ពិសារអាហារសាមគ្គី និងផ្តល់អំណោយមនុស្សធ៌ម ជូនដល់មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារទូទាំងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ប្រជាការពារ គឺមានភារកិច្ចការពារសន្តិសុខ នៅក្នុងមូលដ្ឋានរបស់ខ្លួនធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបានការរស់នៅប្រកបដោយក្តីសុខសប្បាយរីករាយ គ្មានប៉ះពាល់ដល់សណ្តាប់ធ្នាប់ ឬការរំខានណាមួយ និងត្រូវទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ មានដូចជា៖ អំពើចោរកម្ម ក្មេងទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿងញៀនផងដែរ ដែលភារកិច្ចទាំងអស់នេះ គឺប្រជាការពារយើង អាចរួមចំណែកនៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពីសមត្ថកិច្ចនគរបាលនោះទេ ពោលគឺកម្លាំងប្រជាការពារយើង អាចធ្វើកិច្ចសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធានានូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាព រឹងមាំ កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ, ការគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាសាធារណៈ ភាពចាំបាច់នានា នៅតែជាបញ្ហាអាទិភាពរបស់អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យពលរដ្ឋគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។

នៅក្នុងឱកាសនោះដែរលោកជំទាវអភិបាលខេត្ត ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជាមេភូមិ អនុភូមិសមាជិកភូមិ និងប្រជាការពារភូមិទាំងអស់ ដែលបានលះបង់នូវពេលវេលាកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយ អាជ្ញាធរដែនដី ធ្វើឱ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិ ឃុំ ប្រកបដោយសុវត្ថិភាពពិសេស គឺចូលរួមការពារសមិទ្ធផលនានាដែលជាសម្បត្តិរួមរបស់យើងឱ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ៕