ឯកឧត្តម ឃួង ស្រេង ណែនាំសមាជិក និងឃោសនិកបក្ស ត្រូវស្វែងយល់ និងឆ្លើយតបឲ្យទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយក្នុងបរិបទ Digital និងតាមឲ្យទាន់ការវិវត្តសភាពការណ៍


ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំសមាជិក និងឃោសនិកបក្ស ត្រូវស្វែងយល់ និងឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះ ព័ត៌មានក្លែងក្លាយ ញុះញង់វាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់ និងវាយបកឱ្យទាន់ពេលវេលាចំពោះក្រុមជនអគតិដែលតែងតែចិញ្ចឹមចិត្តបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន និងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ ពិសេសក្នុងបរិបទ Digital នេះ។

ការណែនាំនេះធ្វើឡើងក្នុងពិធីបិទវគ្គអប់រំនយោបាយនៅមន្ទីរបក្សរាជធានីភ្នំពេញ ជំនាន់ទី៥៤ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ដែលមានសមាជិក សមាជិកាចូលរួមចំនួន១៣៣នាក់ ដែលសុទ្ធតែជាឃោសនិករបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅពីគោលនយោបាយរបស់គណបក្ស ដែលជាកម្លាំងនយោបាយតែមួយគត់ ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។

ឯកឧត្តម ឃួង ស្រេង បានក្រើនរំលឹកសមាជិក សមាជិកាទាំងអស់ រំលេចឲ្យឃើញពីវីរភាពដ៏មានតម្លៃគ្មាន២ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានយកជីវិតធ្វើដើមទុនប្តូរយកសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជនគ្រប់ដំណាក់កាល នៃដំណើរការវិវត្តរីកចម្រើនរបស់ប្រទេសជាតិ។

ពេលនេះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងបន្តតាមលំអាននៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងនាមជាយុវជនជំនាន់ក្រោយ ដែលពោរពេញដោយភាពស្វាហាប់ មានចំណេះដឹង និងមានការប្តេជ្ញាចិត្តខ្ពស់ តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយបញ្ចកោណ ដែលជាត្រីវិស័យក្នុងការដឹកនាំអភិវឌ្ឍ។

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ជាទូទៅ បណ្តាប្រទេសលើលោក គោលនយោបាយរបស់គេ គឺផ្តើមចេញពីគោលនយោបាយរបស់គណបក្សដែលឈ្នះឆ្នោត ហើយនយោបាយរបស់ប្រទេសមួយមិនអាចយកនយោបាយរបស់ ប្រទេសមួយផ្សេងទៀត មកធ្វើតាម ដូចចាក់ពុម្ពនោះបានដែរ។

សមាជិកគ្រប់គ្នាអាចមើលឃើញហើយពីមហិ្ឆតាចង់បានអំណាច ពួកអមិត្ត ឬក្រុមប្រឆាំង គេហ៊ានធ្វើអ្វីៗគ្រប់ទម្រង់ យ៉ាងណាមិញដូចក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ១៩ គេអំពាវនាវកុំឱ្យប្រជាជនទៅចាក់វ៉ាក់សាំងចិន ព្រោះជាវ៉ាក់សាំងគេយកមកពិសោធន៍ យកមកសម្លាប់ប្រជាជនជាដើម។ មានន័យថា គេយកជីវិតប្រជាពលរដ្ឋមកលេងសើច មកធ្វើជំនួញនយោបាយដោយអគតិបំផុត។

ឯកឧត្តម ឃួង ស្រេង បានរំលេចឲ្យឃើញពីការរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងរយៈពេល៩ខែ ដើមអាណត្តិទី៧កន្លងមកនេះ គឺទទួលបានការវិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងមានការសារទរជាអន្តរជាតិ ក៏ដូចក្នុងមជ្ឈដ្ឋានជាតិទាំងមូល៕