ថ្នាក់ដឹកនាំខេត្តរតនគិរី នាំយកទៀនវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៤០វត្ត


ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ ទេយ្យទានមួយចំនួនធំ និងបច្ច័យប្រគេនព្រះសង្ឃចំនួន៤០វត្ត ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចាប់ពីថ្ងៃ១ រោច ខែ អាសាឍ ដល់ថ្ងៃ ១៥ កើត ខែអស្សុជ រៀងរាល់ឆ្នាំ។

ពិធីប្រគេនទៀនវស្សា និងទេយ្យទាននេះបានប្រារព្ធធ្វើនៅវត្ត ឦសាន្តរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងថា ទៀនព្រះវស្សា និងទេយ្យវត្ថុដែលនាំមកប្រគេនព្រះសង្ឃនាពេលនេះ គឺសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមទីវត្តអារាមនានា ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ និងដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ជីដូនជីតា ញាតិការទាំង៧សណ្តាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបរុសខ្មែរ យុទ្ធជន យុទ្ធនារីខ្មែរ ទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ឱ្យបានទៅកាន់សុគតិភព និងចាប់បដិសន្ឋិនៅទីឋានដ៏គាប់ប្រសើរ។

ឯកឧត្តមបន្តថា ដោយឡែកសម្រាប់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ បានចាត់ទុកទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនាប៉ុណ្ណោះទេ វាគឺជាទីកន្លែងសក្ការៈបូជា របស់បងប្អូនពុទ្ធបរិស័ទថែមទៀត គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សជាជង្រុក នៃមូលដ្ឋានគ្រឹះអក្សរសាស្ត្រជាតិ អរិយធម៌  វប្បធម៌ខ្មែរយើងយ៉ាងពិតប្រាកដមិនអាចខ្វះបានឡើយ ។

ឯកឧត្តមបានគូសបញ្ជាក់ថា យើងទាំងអស់គ្នាតែងតែគោរពប្រពៃណីសាសនាព្រះពុទ្ធ គឺព្រះសង្ឃត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយ ត្រីមាស ទើបលោកនិងពុទ្ធបរិស័ទ បាននាំយកនូវទេយ្យវត្ថុដើម្បីវេរប្រគេនព្រះសង្ឃ សម្រាប់បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ។ ចំពោះការប្រគេនទៀនព្រះវស្សានេះ គឺការប្រារព្ធធ្វើទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម័យ
កាលយូរលង់ណាស់មកហើយ។

ពិធីចូលកាន់ព្រះវស្សានេះ គ្រប់វត្តអារ៉ាមទទួលបានការដង្ហៃរទៀនចូលពីពុទ្ធបរិសទ័ដោយមិនកំណត់នោះឡើយ ពោលគឺអាស្រយ័ចំណូលចិត្តរបស់ពុទ្ធបរិសទ័ដែលមើលឃើញកង្វះខាតរបស់វត្ត ពិសេសតំរូវការចាំបាច់របស់ព្រះសង្ឃ។

សូមបញ្ជាក់ថា វត្តចំនួន ៤០វត្តក្នុងខេត្តដែលថ្នាក់ដឹកនាំខេត្តរតនគិរី នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេននាពេលនេះ ក្នុង១វត្ត ទៀនវស្សា១គូ, អង្ករ២បាវ, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, អំបិល១០គីឡូក្រាម, ប្រេងឆា១ធុង ស្ករស ៤គីឡូក្រាម, ប៊ីចេង១គីឡូក្រាម និងបច្ច័យ១០ម៉ឺនរៀល។ ដោយឡែកលោក ញ៉ែម សំអឿន និងលោកស្រី ក៏បានចូលបច្ច័យផ្ទាល់ខ្លួនបន្ថែមក្នុង ១វត្ត១០ម៉ឺនរៀលផងដែរ៕