ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានលើកឡើងថា វិស័យទេសចរណ៍ ជាជន្ទុលនៃកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា និងជាឧស្សាហកម្មគ្មានផ្សែង ដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ សំខាន់បានបង្កើនការងារជាច្រើន ដោយផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋកម្ពុជា។
ការលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តម ប៉ាក់ សុខុម ក្នុងឱកាសលោកតំណាងឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ច វគ្គទី២ដល់សិក្ខាកាមទាំង២០០នាក់ ដែលរៀបចំឡើងដោយសមាគមក្លិបទេសចរណ៍សៀមរាប (STC) ដល់យុវជន និងយុវតី ដែលមកពីបណ្ដាស្រុកទាំង១៣ ក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម លី សារី អភិបាលរងខេត្តសៀមរាប និងមានការយាងចូលរួមពី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិករដ្ឋសភា, លោក សែត កៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប (STC)។
ក្នុងឱកាសនោះដែរលោក សែត កៅ បានលើកឡើងថា វគ្គទី២ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបដិសណ្ឋារកិច្ចនឹងចាប់ផ្តើមពីថ្ងៃទី០១ កក្កដា ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ កម្មវិធីបណ្តុះបណ្តាលនៅពេលនេះចាប់ផ្តើមពី ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានរយៈពេល ៨ខែ មានដូចជាជំនាញ៖ ការិយាល័យជួរមុខ, សេវាកម្មម្ហូបអាហារនិងភេសជ្ជៈនិងគេហកិច្ច ផ្នែកចុងភៅ ដែលក្នុងនោះសិក្ខាកាមនិងទទួលបានមេរៀន ទ្រឹស្តី និងការអនុវត្តន៍ក្នុងថ្នាក់រៀនចំនួន៤ខែ ហើយ៤ខែទៀតជាវគ្គកម្មសិក្សាដែលតំរូវអោយសិក្ខាកាម ត្រូវទៅធ្វើការហាត់ការតាមមុខជំនាញរៀងៗខ្លួននៅតាមបណ្តា៖ សណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុននានា ក្នុងខេត្តសៀមរាប ឬក្រៅខេត្តសៀមរាបតាមលក្ខ័ខណ្ឌជាក់ស្តែង ដែលសមាគមមានដៃគូរសហការត្រូវការ។
លោកក៏សូមអរគុណដល់ម្ចាស់អាជីវកម្ម ដែលមេត្តាអនុគ្រោះ និងផ្តល់លក្ខណៈងាយស្រួល ហើយបើកឱកាស សហការគ្នាឱ្យបានខ្ពស់ ដើម្បីជួយជ្រោមជ្រែងសសរទ្រូងថ្មីលើវិស័យទេសចរណ៍។ បន្ទាប់ពីបញ្ចប់កម្មសិក្សាសិក្ខាកាមទាំងអស់នឹងត្រូវសម្របសម្រួល ដើម្បីចូលបំពេញការងារជាបុគ្គលិកពេញសិទ្ធិ នៅតាមបណ្តាអង្គភាពនានា។ លោកសង្ឃឹមថាម្ចាស់អាជីវកម្ម និងតំណាងម្ចាស់អាជីវកម្ម ដែលមានវត្តមាននៅទីនេះក្តី និងមិនមានវត្តមានក្តីនឹងបន្តជួយជ្រោមជ្រែងដល់ប្អូនៗដោយក្តីសោមនស្សរីករាយ។ សមាគមក្លិបទេសចរណ៍ខេត្តសៀមរាប រួមជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យសាធារណៈ និងឯកជនបានកំពុងខិតខំ ប្រឹងប្រែងដើម្បីប្អូនៗទាំង២០០នាក់ សង្ឃឹមថាប្អូនៗនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីក្តោបយកឱកាសមួយនេះ ហើយប្រែក្លាយខ្លួនជាបង្គោលគ្រួសាររៀងៗខ្លួន និងចូលរួមអភិវឌ្ឍន៍សង្គមជាតិរបស់យើងទាំងអស់គ្នា។
ឯកឧត្តម លី សារី បានលើកឡើងថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ ជាផ្នែកដ៏សំខាន់នៃសេដ្ឋកិច្ចបៃតង (មាសបៃតង) ហើយចំណូលនៃវិស័យនេះ ត្រូវបានចាត់បញ្ជូលភ្លាមៗទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ដែលរួមចំណែកជម្រុញកំណើនផលិតផលក្នុងស្រុក។ ឯកឧត្តមបន្តថាការផ្ដួចផ្ដើមឱ្យមានវគ្គបណ្ដុះបណ្ដាលនេះ គឺពិតជាបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្ត ឱ្យកាន់តែបានប្រសើរថែមទៀត ស្របតាមយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្ការឡើងវិញវិស័យទេសចរណ៍ (ទស្សនាសៀមរាប ឆ្នាំ២០២៤) និងបានចូលរួមកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុកទៅប្រទេសជិតខាង និងជួយឱ្យប្រជាពលរដ្ឋមានការងារធ្វើផងដែរ។
ឯកឧត្តម ប៉ាក់ សុខុម បានវាយតម្លៃខ្ពស់ចំពោះសមាគមក្លិបទេសចរណ៍សៀមរាប ដែលបានរៀបចំនូវវគ្គបណ្តុះបណ្តាលជំនាញផ្នែកបដិសណ្ឋារកិច្ចនេះឡើង ជូនដល់យុវជនគ្រួសារក្រីក្រនៅតាមតំបន់ជនបទ នៅវគ្គទី១ ទទួលបានជោគជ័យ។ លោកបន្តថា វគ្គបណ្តុះបណ្តាលនេះពិតជាមានអត្ថប្រយោជន៍ និងបង្កើតឱកាសការងារដល់យុជនកម្ពុជា ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ។
ឯកឧត្តម ប៉ាក់ សុខុម ក៏បានថ្លែងអំណរគុណដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលតែងចូលរួមគាំទ្រក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា សំខាន់ផ្នែកបដិសណ្ឋារកិច្ច តាមរយៈការគាំទ្រផ្តល់ថវិកា ដល់វគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច និងទេសចរណ៍ បានដំណើរទៅដោយរលូន ទាំងវិស័យឯកជន សមាគមន៍ឧស្សហកម្មទេសចរណ៍នានាទូទាំងប្រទេស សំដៅរួមគ្នាស្តារឡើងវិញនូវសម្បទាវិជ្ជាជីវះទេសចរណ៍ ក្រោយវិបត្តិជម្ងឺកូវិដ១៩ និងការបណ្តុះបណ្តាលមុខជំនាញ បដិសណ្ឋារកិច្ចដល់អ្នកជំនាញថ្មីៗ ដើមី្បបញ្ចូលទៅក្នុទីផ្សារវិស័យទេសចរណ៍ ដូចតួយ៉ាងនៃវគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ចដល់យុវជនទាំង ២០០នាក់ ដែលបានជ្រើសរើសមកពីបណ្តាក្រុង ស្រុកទាំង១៣ នៃខេត្តសៀមរាប ក៏ដូចមកពីបណ្តា ខេត្តផ្សេងៗ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយផ្តោតទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍។
ជាមួយនេះដែរ ឯកឧត្តមក៏បានផ្តល់នូវដំបូន្មានល្អៗមួយចំនួន ដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ និងស្តាប់គ្រូឧទ្ទេស ពីព្រោះថា ជំនាញនេះហើយ គឺជាយានសម្រាប់ក្មួយៗទាំងអស់គ្នា ក្នុងការកសាងអនាគត សេដ្ឋកិច្ចក្រុមគ្រួសារ និងប្រទេសជាតិ ព្រមទាំងត្រូវចេះថែរក្សាអនាម័យ សុខភាពរបស់ខ្លួន នៅក្នុងពេលកំពុងសិក្សាផងដែរ៕