ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត ធ្វើបាឋកថាស្តីពី «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជូនដល់គណៈគ្រប់គ្រង គ្រូឧទ្ទេស មន្ត្រីរាជការ កម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាលជិត ៤០០នាក់


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាវាគ្មិនកិត្តិយស ធ្វើបាឋកថាស្តីពី «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជូនដល់គណៈគ្រប់គ្រង គ្រូឧទ្ទេស មន្ត្រីរាជការ កម្មសិក្សាការីឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល ដែលចូលរួមដោយផ្ទាល់នៅសហសាលសាលាភូមិន្ទរដ្ឋបាល និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធ Microsoft Teams សរុបប្រមាណ ៣៩០អង្គ/នាក់។

បើតាមសន្ទរកថាស្វាគមន៍របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានគូសបញ្ជាក់ថា ជាការពិតចាប់ពីឆ្នាំ២០១៧ រហូតមក ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តែងបានចូលរួមផ្តល់បាឋកថាទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ នៅសាលាភូមិន្ទរដ្ឋបាលចំនួន ៥ដងរួចមកហើយគិតទាំងលើកនេះ។ ជាលទ្ធផល ណៈគ្រប់គ្រងសាលា​​រមែងបានទទួលសំណូមពរត្រឡប់ពីអ្នកចូលរួមឱ្យរៀបចំបាឋកថាដោយថ្នាក់ដឹកនាំក្រសួងបរិស្ថានបន្ថែមទៀតឱ្យបានច្រើន។

ឯកឧត្តម យក់ ប៊ុនណា បានបញ្ជាក់បន្តថា ការរៀបចំបាឋកថា មានគោលបំណងសំខាន់ៗរួមមានទី១៖ ដើម្បីផ្តល់ឱកាសដល់កម្មសិក្សាការី បានជួបប្រាស្រ័យ និងទទួលការណែនាំពីលោករដ្ឋមន្ត្រីដោយផ្ទាល់។ ទី២៖ ជាឱកាសដ៏មានតម្លៃសម្រាប់កម្មសិក្សាការី ដើម្បីទទួលបាននូវការចែករំណែកនូវចំណេះដឹង និងបទពិសោធន៍ការងារដ៏សម្បូរបែបពីឯកឧត្តមរដ្ឋមន្ត្រីផងដែរ។ ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាល​របស់សាលាភូមិន្ទរដ្ឋបាល កម្មវិធីបាឋកថា ត្រូវបានចាត់ទុកថា ជាវេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាពសិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម។

នាឱកាសនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ឈរលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមក ក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រ ចតុកោណទាំង៤ដំណាក់កាល រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដើម្បីកំណើន សេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាពសំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា​ឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា យុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខក្នុងរយៈពេល២៥ឆ្នាំ ដោយបានគិតគូរនិងដាក់ចេញជា ៥ដំណាក់កាល ដើម្បីតម្រង់ទិសអនុវត្តកម្មវិធី​នយោបាយរបស់រាជរដ្ឋាភិបាលនៃនីតិកាលនីមួយៗនៃរដ្ឋសភា។ អនុលោមតាម «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្ត្រជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតងសំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺ «ជាប្រទេស អព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។

ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានរចនាឡើងជារូបរង្វង់ដោយមានយុទ្ធសាស្ត្រស្នូលផ្តោតលើមុំចំនួន៣ មានជាអាទិ៍៖ ការពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាលឌីជីថល និងពង្រីកការផ្សព្វផ្សាយ ដែលមុំទាំងបីនេះជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញបង្វិលយុទ្ធសាស្ត្របីផ្សេងទៀត ឱ្យដំណើរការដោយជោគជ័យ គឺយុទ្ធសាស្ត្រទី១ ភាពស្អាត ដែលផ្តោតលើមុំ ការត្រួតពិនិត្យការបំពុល ការធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យការបំពុល និងការលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន យុទ្ធសាស្ត្រទី២ ភាពបៃតង ផ្តោតលើមុំ ការពង្រីកចលនាដាំដើមឈើ ការជំរុញការគ្រប់គ្រង តំបន់ការពារធម្មជាតិ និងការលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន និងយុទ្ធសាស្ត្រទី៣ ចីរភាព ផ្តោតលើមុំ ការអនុវត្តអនុលោមភាព ការពង្រីកកិច្ចសហប្រតិបត្តិការ និងការពង្រឹងការសម្របសម្រួល។

គួរបញ្ជាក់ថា សម្រាប់កម្មវិធីបាឋកថានាពេលព្រឹកនេះ ក្រុមការងារបច្ចេកទេសបានរៀបចំជូនសិក្ខាកាមសម្រាប់ចូលរួមផ្ទាល់រួមមាន កម្មសិក្សាការីវគ្គមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម(ថ្នាក់គុណធម៌) និងមន្ត្រីក្រមការចំនួន ២៣៣អង្គ/នាក់(ស្រី៤៧នាក់, ព្រះសង្ឃ១១អង្គ)។ ការចូលរួមតាមប្រព័ន្ធអនឡាញ(Microsoft Teams) រួមមាន កម្មសិក្សាការីវគ្គមន្ត្រីមធ្យម(ថ្នាក់នវានុវត្តន៍ និងថ្នាក់គុណភាព) ចំនួន១៥៧នាក់(ស្រី៣៤នាក់)។ សិក្ខាកាមសរុបទាំងចូលរួមផ្ទាល់និងអនឡាញមានចំនួន៣៩០អង្គ/នាក់(ស្រី៨១នាក់ និងព្រះសង្ឃ១១អង្គ)៕