រដ្ឋមន្ត្រីសុខភិបាល ណែនាំឱ្យគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវតែបន្តយកចិត្ដទុកដាក់ ក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ និងទំនុកចិត្តខ្ពស់


(តាកែវ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់មូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ ត្រូវបន្តយកចិត្តដាក់ក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ និងមានទំនុកចិត្តខ្ពស់។

ការថ្លែងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានបន្តថា ដើម្បីជំរុញឱ្យការផ្តល់សេវា នៅមូលដ្ឋានសុខាភិបាលសាធារណៈនៅខេត្តតាកែវ ក៏ដូចជាតាមបណ្តាខេត្តផ្សេងៗកាន់តែល្អ មន្ត្រីទាំងអស់ត្រូវបំពេញទាំងបរិមាណ និងពិសេសគុណភាពលើសម្ភារៈបរិក្ខារពេទ្យ ឱសថ រួមទាំងការទុកដាក់ និងថែទាំឱ្យបានត្រឹមត្រូវ។

ឯកឧត្តមបានលើកឡើងថា «ពិសេសពិនិត្យស្វែងយល់ពីសមត្ថភាពបុគ្គលិករបស់ខ្លួន អំពីចំណុចខ្លាំង និងចំណុចដែលត្រូវបំពេញ ដើម្បីឈានទៅការបណ្តុះបណ្តាលជាប់ជាប្រចាំ ទៀងទាត់ ទាំងក្នុងអង្គភាព ទាំងអន្តរអង្គភាព ទាំងក្នុងខេត្តខ្លួន និងអន្តរខេត្ត រហូតមកដល់ថា្នក់ជាតិ និងត្រូវបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋឲ្យ២៤ម៉ោង លើ២៤ម៉ោង ដោយមានទំនួលខុសត្រូវ និងត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ»

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានស្នើឲ្យមានការកត់ត្រាព័ត៌មានអ្នកជំងឺឲ្យបានគ្រប់ជ្រុងជ្រោយ និងថែរក្សាឯកសារទាំងអស់ឲ្យបានគង់វង្សយូរអង្វែង និងត្រូវបង្កើនការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំគ្រោះថ្នាក់នៃការឆ្លងរោគ ក្នុងទីតាំងថែទាំព្យាបាល តាមរយៈវិធានការបង្ការរោគ ពិសេសលើជំងឺឆ្លង និងមិនឆ្លងនានា។

សូមជម្រាបថា ក្នុងឳកាសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវផងដែរ។ ក្នុងឳកាសនោះ ឯកឧត្តមអភិបាលខេត្តបានសម្តែងការសប្បាយរីករាយ និងថ្លែងអំណេរគុណដល់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអញ្ជើញចុះមកពិនិត្យពីស្ថានភាពការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋតាមមូលដ្ឋានសុខាភិបាលខេត្តតាកែវ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា «ក្នុងនាមរដ្ឋបាលខេត្ដ ខ្ញុំសូមកោតសរសើរដោយស្មោះអស់ពីចិត្ដ ចំពោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ និងមមាញឹករបស់លោក ក្នុងគោលបំណងឱ្យសេវាសាធារណៈនេះ បានដំណើរការទៅដោយការទទួលខុសត្រូវ ហើយទទួលបាននូវការជឿទុកចិត្ដពីប្រជាពលរដ្ឋ»

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្រសួងសុខាភិបាលនឹងកាន់តែមានរីកចម្រើន ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា សម្រាប់សុខភាពសាធារណៈទៅថ្ងៃខាងមុខ និងនៅថ្ងៃអនាគត ក្នុងនាមអាជ្ញាធរខេត្ដ។

គួររម្លឹកថា មួយថ្ងៃពេញថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីឯកឧត្តមសាស្ត្រារដ្ឋមន្ត្រីបានបំពេញកិច្ចការងារនៅក្រសួងសុខាភិបាលបានមួយព្រឹក នៅរសៀលថ្ងៃដដែល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានដឹកនាំប្រតិភូ ចុះមកពិនិត្យស្ថានភាព និងវឌ្ឍនភាពមូលដ្ឋានសុខាភិបាលនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យខេត្តនៅតាកែវផងដែរ៕