នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការ និងលោកជំទាវ ស៊ូ វីឡាលីម តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនព្រះសង្ឃចំនួន៥វត្ត ក្នុងខេត្តរតនគិរី ក្រោយពេលរដូវបុណ្យភ្ជុំបិណ្ឌ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា ប្រគេនដល់ព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃ និងពុទ្ធបរិស័ទទាំងអស់ដោយក្តីនឹករលឹក។
ឯកឧត្តម ប៉ែន វិបុល បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ ពីការលំបាកទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសប្រជាជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ ពោលទីណាមានទុក្ខលំបាក ទីនោះមានប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាអ្នកដោះស្រាយ។
ឯកឧត្តមបានបន្តទៀតថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរ ក្នុងការរស់នៅប្រកបដោយអនាម័យ ហូបស្អាត រស់នៅស្អាត ទន្ទឹមនោះឯកឧត្តមបានលើកឡើងអំពីអភិក្រមរបស់ក្រសួងធម្មការនិងសាសនា វត្ត ស ៣ គឺវត្តស្អាត វត្តស្វាង និងវត្តស្ងប់។
ព្រះរតនសោភិត គឹម សុជាតិ ព្រះមេគណខេត្តរតនគិរី តំណាងព្រះមន្រ្តីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ ទាំង៥វត្ត មានក្តីរំភើបរីករាយ និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខ ការលំបាក ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសប្រជាជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ៕