ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងមានការចូលរួមឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំង ឯកឧត្តម មឿង គង្គា ប្រធាន (ស.ស.យ.ក) ខេត្តកំពត និងលោក អ៊ឹម ច័ន្ធសោធន ប្រធាន (ស.ស.យ.ក) ស្រុកទឹកឈូ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក ស្រុកទឹកឈូ នៅសហគមន៍ត្រពាំងសង្កែ ស្ថិតក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
នាឱកាសនោះឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការធ្វើដំណើរមកកាន់ស្រុកទឹឈូនេះ ដើម្បីអរគុណសមាជិកសមាជិកាដោយផ្ទាល់ព្រោះថា ការចូលរួមចំណែករបស់បងប្អូននេះហើយ ធ្វើឲ្យ ស.ស.យ.ក បានរីកលូតលាស់ និងមានមុខមាត់ គេទទួលស្គាល់ ថាជាក្រុមយុវជនដែលផ្សារភ្ជាប់ទៅនឹងសង្គមជាតិ និងលះបង់ដើម្បីសង្គមជាតិ។
ការចូលរួមជាមួយ ស.ស.យ.ក ជាការឆ្លៀតពេលដ៏មមាញឹក ក្នុងការជួយបម្រើដល់ការងារសង្គមជាតិ តាមរយៈកម្មវិធី ដែល ស.ស.យ.ក បានរៀបចំឡើង។ បងប្អូនសមាជិក សមាជិការ (ស.ស.យ.ក ) នឹងទទួលបានការលុត ដំសមត្ថភាព និងការប្រឹងប្រែងរបស់ខ្លួន, មានឱកាសរៀនសូត្រ ធ្វើការជាក្រុមជាមួយគ្នា, ធ្វើខ្លួនជាយុវជនគំរូ ហើយណែនាំឲ្យយុវជនដទៃទៀត មកចូលរួមជាមួយដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានបញ្ជាក់ពីអត្ថន័យរាល់កម្មវិធីផ្សេងៗរបស់សហភាពសហព័ន្ធកម្ពុជាដែរថា គោលបំណងសំខាន់ គឺនាំមកនូវការជួបជុំគ្នា ដើម្បីទទួលបានទាំងភាពសប្បាយរីករាយផង និងជួយដល់សង្គមជាតិ តាមរយៈអត្ថន័យ នៃកម្មវិធីនីមួយៗផង។ លោកគូសបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍន៍របស់កម្ពុជា ឱកាសនិងការងារអភិវឌ្ឍន៍ខ្លួន មានច្រើនសម្រាប់យុវជន។
ក្នុងនោះសិស្សផ្តោតទៅលើការប្រឹងសិក្សា មន្ត្រីរាជការផ្តោតទៅលើការទទួលខុសត្រូវ តាមតួនាទី បុគ្គលិកក្រុមហ៊ុន ត្រូវខំធ្វើកា ដែលជាហេតុធ្វើឲ្យយើងមិនបានជួបគ្នាទេ ហើយកាន់តែឃ្លាតឆ្ងាយពីគ្នាយូរៗទៅ អនាគតសង្គមខ្មែរ នឹងក្លាយជាសង្គម «សក់នរណា ក្បាលអ្នកហ្នឹង» មិនមែនជាសង្គមគ្រួសារខ្មែរតែមួយទេ។ សរុបមកមិនថាកម្មវិធីកីឡាក្តី វប្បធម៌ក្តី មោទនភាពជាតិខ្មែរក្តី ស.ស.យ.ក ធ្វើឡើងដើម្បីបានមកជួបជុំគ្នាបង្កើនភាពស្និទស្នាល យោគយល់ ស្រាឡាញ់រាប់អានគ្នា ជួយគ្នាក្នុងលក្ខណៈជាគ្រួសារខ្មែរតែមួយ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ការលះបង់បន្តិចបន្តួចរបស់សមាជិក ស.ស.យ.ក គឺចូលរួមចំណែកថែរក្សាទំនៀមទម្លាប់ វប្បធម៌ប្រពៃណី ដោយយមិនចាំបាច់ ឲ្យគេចាត់តាំង ឬបង្ខំ រំពឹងចង់បានអ្វីមួយមកវិញទេ គឺជួយដោយផ្សារភ្ជាប់ទឹកចិត្ត និងបេះដូងទៅជាមួយនឹងសង្គមជាតិ ហើយវានឹងបន្សល់ទុកទម្លាប់នេះ ជាប្រពៃណីទៅអនាគត។
បើតាមឯកឧត្តម អ៊ឹម ច័ន្ធសោធន បានប្រាប់ឲ្យដឹងថា ស.ស.យ.ក ស្រុកទឹកឈូ មានចំនួនសរុប ៥៥៥នាក់ និងជាយុវជនគំរូដែលអាជ្ញាធរទទួលស្គាល់ផងដែរ។ នៅក្នុងពិធីជួបសំណេះសំណាលនោះ ក៏មានបទបង្ហាញអំពីការធ្វើនំល្បីៗក្នុងតំបន់របស់សមាជិក ការរួមគ្នាបណ្តុះដើមកោងកាងជាង ២០០០ដើម និងមានដំណើរកម្សាន្តដោយជិះទូក នៅសហគមន៍ត្រពាំងសង្កែទៅមើលការរៀបចំសហគមន៍ និងទេសភាពព្រែកោងកាងផងដែរ៕