ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ​ អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) មកពីទីស្នាក់ការកណ្តាល​ ក្នុង​ប្រទេសហ្វីលីពីន


នៅព្រឹក​ថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ​ នៅទីស្ដីការក្រសួង​ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីកសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មក​ពីទីស្នាក់ការកណ្តាលប្រចាំទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។​

ឯកឧត្តម​រដ្ឋលេខាធិការបានមានប្រសាសន៍​ឱ្យដឹងថា​ កិច្ចប្រជុំនេះមានគោលបំណង ដើម្បី​​ពង្រឹង​ និងពង្រីក​កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ​គ្រប់ជ្រុងជ្រោយ​ រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)​ ជាពិសេស​ការ​កសាង​មជ្ឈមណ្ឌលជាតិគ្រប់​គ្រងទិន្នន័យធនធាន​ទឹក (NWRMDC)​ ក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំប្រកបដោយនិរន្តរភាពរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ក្រសួងធនធានទឹក និងឧតុនិយម។

ជាមួយគ្នានេះ​ ឯកឧត្តម​រដ្ឋលេខាធិការ​បានគូស​បញ្ជាក់ថា​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​ បានធ្វើការបំពាក់នូវឧបករណ៍ព្យាករណ៍​ឧតុនិយម​ និងជលសាស្រ្តគ្រប់ប្រភេទដែលជា​បច្ចេកវិទ្យាទំនើបកម្មចុងក្រោយ​ ដើម្បីព្យាករណ៍ប្រកបដោយសុក្រឹតភាព​ ឧត្តមភាព​ ទាន់ពេលវេលា​ ទាន់ហេតុការណ៍​សម្រាប់ជាតិ តំបន់ និងអន្តរជាតិ និងសម្រាប់​​បម្រើឱ្យគ្រប់វិស័យទាំងអស់។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា​ មូលដ្ឋានទិន្នន័យ​ទាំងនេះជាលទ្ធផលដ៏មានប្រសិទ្ធភាពក្នុងការរៀបចំយុទ្ធសាស្រ្តដ៏ល្អប្រសើរទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ បាតុភូតគ្រោះមហន្តរាយធម្មជាតិគ្រប់ប្រភេទ និងដោះស្រាយលើភាពស្មុគស្មាញនានា​ពី​ការឡើងកម្ដៅនៃ​ភពផែនដី​ ព្រមទាំងចាត់វិធានការ បានទាន់ពេលវេលាក្នុងការគ្រប់គ្រងធនធានទឹក និងបញ្ជាទឹក ដើម្បីកាត់បន្ថយជាអតិបរមានៃគ្រោះទឹក​ជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់ផងដែរ។

ទន្ទឹមនឹងនេះដែរ​ ឯកឧត្តមរដ្ឋលេខាធិការ​បាន​បញ្ជាក់ថា​ ក្រសួង​ធនធនទឹក និង​ឧតុនិយម​ បាន និង​កំពុងធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏សកម្ម​ជាមួយស្ថាប័នឧតុនិយមអន្តរជាតិជាច្រើន ព្រមទាំង​សកលវិទ្យាល័យឧតុនិយម និងវិទ្យាស្ថានធនធានទឹកនានា​នៅលើ​ពិភពលោក​ ដើម្បីកសាងនូវប្រព័ន្ធផ្កាយរណបនៃវិស័យទឹក ក្នុងពេលដ៏ខ្លីខាងមុខនេះ៕