រដ្ឋបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រារព្ធពិធីដង្ហែរក្បួន យ៉ាងមហោឡារិក ដើម្បីអបអរសាទរ ដល់ក្រុមកីឡាករទូក «ង» ដែលបានចូលរួមប្រកួត រហូតដណ្តើមបានជ័យលាភី ពានរង្វាន់លេខ១ លេខ៦ និងលេខ២៧ ក្នុងព្រឹត្តិការណ៍អុំទូកថ្នាក់ជាតិ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។
ពិធីដង្ហែរក្បួន និងអបអរសាទរ ត្រូវបានធ្វើឡើងចាប់ពីចំណុចក្បាលស្ពានថ្ម ផ្លូវជាតិលេខ៥ តាមផ្លូវលេខ១០១ ដល់មុខសាលាខេត្ត និងបន្តដង្ហែរទៅដល់វត្តកែវវិជ័យ ដោយបានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត និងជាព្រះចៅអធិការកែវវិជ័យ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។
គួររំលឹកថា ការប្រណាំងទូក រយៈពេល៣ថ្ងៃ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាលទ្ធផលទូកអុំគូរពិសេស ដែលជាប់ចំណាត់ថ្នាក់លេខ១ បានទៅលើទូកង «តេជោកែវវិជ័យបារមីចៅសែន» មកពីខេត្តពោធិ៍សាត់ ជាទូករបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, ទូកលេខ២ បានទៅលើទូកង «សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល ជាទូករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលេខ៣ បានទៅលើទូកង «កោះកេរធិបតី» មកពីខេត្តព្រះវិហារ ជាទូករបស់រដ្ឋបាលខេត្តព្រះវិហារ។
ក្នុងព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២២៤នេះ មានទូកចូលរួមប្រកួតប្រជែងសរុបចំនួន៣៤៦ទូក និងមានកីឡាករ កីឡាការិនី ក៏ដូចជាគណៈកម្មការទូកចូលរួម សរុបជាង២ម៉ឺននាក់។ ព្រះរាជពិធីដែលមានរយៈពេល៣ថ្ងៃ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ ក្រោមបរិយាកាសដ៏សប្បាយរីករាយ ដោយមានអ្នកចូលរួមលេងកម្សាន្ត និងទស្សនារាប់លាននាក់។
សម្រាប់ខេត្តពោធិ៍សាត់ មានទូក «ង» ចំនួន៣គ្រឿង បានបញ្ជូនទៅចូលរួមប្រគួត នៅឯរាជធានីភ្នំពេញ ហើយទទួលបានជ័យលាភីជូនខេត្ត រួមមាន៖
ទី១៖ ទូក «ង» ឈ្មោះ តេជោកែវវិជ័យ បារមីចៅសែន ជាទូករបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។
ទី២៖ ទូក «ង» ឈ្មោះ រាំងទិលសាគរសែនមានជ័យ បារមីវត្តកញ្ជរខាងត្បូង ជាទូករបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៦។
និងទី៣៖ ទូក «ង» ឈ្មោះ តេជោសែនជ័យ បារមីឃ្លាំងមឿង ជាទូករបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ទទួលបានចំណាត់ថ្នាក់លេខ២៧៕