ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ កិច្ចប្រជុំកំពូលលើទឹកដីសៀមរាបជាការប្រមូលផ្តុំនៃស្មារតីទទួលខុសត្រូវនៃកិច្ចសាមគ្គី ការប្ដូរផ្ដាច់រួមគ្នា ដើម្បីធ្វើយ៉ាងណាឱ្យពិភពលោកមួយគ្មានគ្រោះថ្នាក់ដោយសារមីន


ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានថ្លែងបញ្ជាក់ឱ្យដឹងនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា កិច្ចប្រជុំកំពូលលើទឹកដីសៀមរាបដ៏ស្អាតអស្ចារ្យនេះ ជាការ ប្រមូលផ្តុំនៃស្មារតីទទួលខុសត្រូវនៃកិច្ចសាមគ្គី ការប្ដូរផ្ដាច់រួមគ្នា ដើម្បីធ្វើយ៉ាងណាឱ្យពិភពលោកមួយគ្មានគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម (មីន) ដោយមាន១០៥ប្រទេស និង៨០អង្គការធំៗ រួមទាំងអង្គការសហប្រជាជាតិបានមកប្រមូលផ្តុំគ្នា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ការ ប្រមូលផ្តុំនេះជាការប្រមូលផ្តុំនៃការអាណិតអាសូរ ការស្រឡាញ់សន្តិភាព និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីធ្វើយ៉ាងម៉េចឱ្យពិភពលោកយើង មនុស្សលោកយើងនេះ កុំឱ្យជួបប្រទះនូវបញ្ហាដែលកើតឡើងដោយសារការប្រើប្រាស់មីនប្រឆាំងមនុស្សនេះតែម្ដង។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងថា ទឹកដីសៀមរាបជាកន្លែងដែលពិភពលោកទាំងមូលយកទៅវិញនូវសារនៃសន្តិភាព ការរស់នៅសុខដុមរមនា ការកសាងសកលលោកមួយដែលការពារសិទ្ធិអ្នករងគ្រោះដោយសារមីន ការពារជីវិតរបស់ក្មេងៗ យុវជនជំនាន់ក្រោយរបស់យើង គឺចេញពីទឹកដីសៀមរាបយើងនេះតែម្ដង ដែលមានប្រាសាទអង្គរវត្ត។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤បានមានប្រសាសន៍ថា ក្នុងថ្ងៃទី៣នេះ កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ដូចជា បណ្ដាប្រទេសដែលត្រូវការបន្តដាក់នូវចំនួនឆ្នាំដើម្បីបញ្ចប់ការងារបោសសម្អាតគ្រាប់ ត្រូវដាក់សំណើមកកិច្ចប្រជុំដើម្បីអនុម័ត ហើយបណ្ដាប្រទេសកំពុងប្រឈមនឹងការបោសសម្អាតមីននេះត្រូវលើកឡើងពីតម្រូវការរបស់ខ្លួន ដើម្បីវឌ្ឍនភាពការងារ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំ ឯកសារស្នូលចំនួន៣សំខាន់សម្រាប់អនុសញ្ញាអូតាវ៉ាយកទៅអនុវត្តន៍រយៈពេល៥ឆ្នាំទៀត នឹងត្រូវអនុម័ត ក្នុងនោះ ១. ផែនការសកម្មភាពសម្រាប់ការងារអនុសញ្ញានេះរហូតដល់៥ឆ្នាំខាងមុខទៀត ដែលហៅថាឯកសារផែនការសកម្មភាពសៀមរាប-អង្គរ ដែលកំពុងតែប្រមូលធាតុចូលចុងក្រោយ ដើម្បីរៀបចំពង្រាងផែនការនេះឱ្យបានចប់សព្វគ្រប់ដោយនឹងត្រូវអនុម័ត និងប្រកាសជាផ្លូវការនៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកានេះ។ ឯកសារសៀមរាប-អង្គរ នឹងក្លាយជាឈ្មោះមួយដ៏ល្បីនៅក្នុងពិភពលោកតែម្ដង។ ទី២. សេចក្ដីថ្លែងការណ៍នយោបាយ ដែលគណៈប្រតិភូជាន់ខ្ពស់ ដោយមានថ្នាក់រដ្ឋមន្ត្រីត្រូវអនុម័ត និងគាំទ្រ ហើយជាសេចក្តីថ្លែងការណ៍មួយបង្ហាញពីបណ្ដាប្រទេស១៦៤ជាសមាជិករដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដោយប្ដេជ្ញាចិត្តគោរពឱ្យបានត្រឹមត្រូវនូវខ្លឹមសារ តម្រូវការ គោលដៅនៃអនុសញ្ញាអូតាវ៉ា ស្ដីពីការហាមឃាត់នូវការផលិត ប្រើប្រាស់ ដឹកជញ្ជូន ការងារបោសម្អាត និងជួយដល់បងប្អូនដែលរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម(មីន)។

ទន្ទឹមនឹងនេះ សេចក្តីថ្លែងការណ៍នេះក៏នឹងអំពាវនាវដល់បណ្ដាប្រទេស៣៣ទៀតដែលមិនទាន់បានចូលជាសមាជិកនៃអនុសញ្ញាអូតាវ៉ា គាំទ្រដល់ការងារបោសសម្អាតមីននេះ និងចូលជាសមាជិករដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាឆាប់ៗ ប្រសិនបើអាចធ្វើទៅបាន ដើម្បីរួមដំណើរគ្នាឆ្ពោះទៅរកពិភពលោកមួយគ្មានមីន។ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានបន្ថែមទៀតថា សេចក្ដីថ្លែងការណ៍នេះត្រូវបានចុះហត្ថលេខាគាំទ្រមុនគេដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីថ្ងៃបើកកិច្ចប្រជុំមកម៉្លេះ និងទី៣. កិច្ចប្រជុំពិនិត្យឡើងវិញផែនការការងាររបស់អនុសញ្ញាអូតាវ៉ាក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ៕