អភិបាលរាជធានីភ្នំពេញ និងក្រុមប្រឹក្សារាជធានីភ្នំពេញ រាប់បាត្របង្សុកូល បិណ្ឌវេនទី៥ នៅវត្តលង្កាកុសមារាម


នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយនិងក្រុមប្រឹក្សារដ្ឋបាលរាជធានី និងអភិបាលរងរាជធានី, អភិបាលខណ្ឌទាំង១៤ ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តលង្កាកុសមារាម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ បានដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និងញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីចោរសៀមឈ្លានពាន។

ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងវិញ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំរលាយ។ ក្រោមការបើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ។ ក្នុងនោះ ក៏បានធ្វើឲ្យវិស័យពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃ។

ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌវេនទី៥ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះដែរ លោក ឃួង ស្រេង និងលោកស្រី ក៏បានវេប្រគេននូវទ័យវត្ថុ និងគ្រឿងឧបភោគបរិភោគ ជាច្រើន និងប្រគេនបច្ច័យដល់ព្រះសង្ឃ ដើមី្បយកទៅកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនៃវត្តលង្កាកុសមារាមនេះថែមទៀតផង៕