ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយលោក Samuel Lau នាយកគ្រប់គ្រងក្រុមហ៊ុន Integrated Logistics Asia, KLN។
ក្នុងជំនួបនាឱកាសនេះភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូយោបល់ជុំវិញបច្ចុប្បន្នភាពអាជីវកម្មរបស់ក្រុមហ៊ុនក្នុងវិស័យភស្ដុភារកម្មនៅកម្ពុជា។ ក្នុងនោះលោក Samuel Lau បានលើកឡើងអំពីការមើលឃើញនូវឱកាសវិនិយោគក្នុងវិស័យភស្ដុភារកម្មរបស់កម្ពុជា គឺកាន់តែធំជាងមុន ក្រោយការបើកឱ្យដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។
តាមរយៈកិច្ចប្រជុំនាឱកាសនេះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំឱ្យក្រុមហ៊ុន KLN ពិនិត្យលទ្ធភាពស្វែងរកការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ពិសេសសិក្សាលើការរៀបចំឃ្លាំង មណ្ឌលឡូជីស្ទីក ឬតំបន់សេដ្ឋកិច្ចពិសេស តាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ។
បន្ថែមពីនេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីព័ត៌មាននៃគម្រោងវិនិយោគមួយចំនួនក្នុងវិស័យភស្ដុភារកម្ម ក្នុងចំណោមគម្រោងសរុប ១៧៤ នៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣៕