ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីកសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូចំនួនបីស្ថាប័នរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះធ្វើការត្រួតពិនិត្យទីតាំងជាក់ស្តែងនៅចំណុចភូមិសាស្រ្តស៊ីហ្វុនឆ្កែស្រែង សំណង់ក្បាលហុងស្ទឹងក្រសាំងផ្នែកខាងក្រោមស្ទឹងស្រែង២ និងតំបន់ត្រីកោណរបស់ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្រុកសំរោង ខេត្តឧត្តរមានជ័យ និងស្រុកស្រីស្នំ ខេត្តសៀមរាប។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា បេសកកម្មចុះពិនិត្យជាក់ស្តែងពេលនេះ គឺដើម្បីកំណត់ការដាក់ចេញនូវយុទ្ធសាស្រ្តកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះមហន្តរាយធម្មជាតិរួមមាន៖ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដោយបង្វែរទឹក និងរំដោះទឹកដ៏ច្រើនដែលមកពីតំបន់០៥ តំបន់អាងតាម៉ុក តំបន់ទំនប់ថ្មី តំបន់ស្រែង១ និងតំបន់ស្រែង២ ឱ្យហូរទៅតាមច្រកសំខាន់ៗដូចជា ១)ស្រុកពួក ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងក្នុងតំបន់ភាគពាយ័ព្យនៃខេត្តសៀមរាប ២)ពង្រឹងពង្រីកអាងទឹកស្រែង២ ៣)បង្វែរទឹកតាមច្រកស្រុកភ្នំស្រុក ចូលទៅក្នុងអាងត្រពាំងថ្ម ដើម្បីដោះស្រាយលើបញ្ហាទឹកជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងយាយីនៅភាគខាងជើងនៃខេត្តបន្ទាយមានជ័យ និង ៤)កែលម្អអាងទឹកអន្សងនាវ ដោយធ្វើការពង្រឹងនិងពង្រីកប្រព័ន្ធទាំងអស់៕