ទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថានទូតជប៉ុនប្រចាំកម្ពុជា រៀបចំសិក្ខាសាលាស្តីពី សមិទ្ធផលសម្រេចបាន និងកេរដំណែលរបស់សាលាក្តីខ្មែរក្រហម


(ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណូ (Atsushi UENO) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីរៀបចំសិក្ខាសាលាស្តីពី «សមិទ្ធផលសម្រេចបាន និងកេរដំណែលរបស់ អ.វ.ត.ក.»

សិក្ខាសាលានេះបានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលទទួល បន្ទុកដំណើរការអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក. លោកចៅក្រម ម៉ូតុ ណូហ្គូជី (Motoo NOGUCHI) ចៅក្រមបម្រុងអន្តរជាតិនៃអង្គជំនុំជម្រះ តុលាការកំពូលនៃអ.វ.ត.ក., ឯកឧត្តម ហែម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី នៃ អ.វ.ត.ក. លោក ឃួត រ៉ូសែនហ៊ក (Knut ROSANDHAUG) អ្នកសម្របសម្រួលភាគីអន្តរជាតិ នៃ អ.វ.ត.ក. និងតំណាងស្ថានទូតនានានិងតំណាងស្ថាប័ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។

ជំនួសមុខឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារទទួលបន្ទុកការអនុវត្តមុខងារសេសសល់ របស់ អ.វ.ត.ក. ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងថា អ.វ.ត.ក. គឺជាតុលាការគំរូអន្តរជាតិមួយ ដែលបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមអនុវត្តការងារពីអង្គការសហប្រជាជាតិ ព្រមទាំងមានការផ្តល់ថវិកាពីរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបខ្មែរក្រហម។ តុលាការនេះបានប្រើប្រាស់យុត្តាធិការរបស់ប្រទេសជាម្ចាស់ គឺកម្ពុជា និងប្រើច្បាប់ចម្រុះទាំងប្រព័ន្ធច្បាប់ Civil Law និងទាំងប្រព័ន្ធច្បាប់ Common Law សម្រាប់ដំណើរការកាត់សេចក្ដីក្នុងគោលដៅ ពីរដើរទន្ទឹមគ្នា គឺទី១៖ ផ្តល់យុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម និងទី២៖ ធានាឱ្យបាននូវនិរន្តរភាពនៃសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិជូនជាតិមាតុភូមិ។

ឯកឧត្តមសូមគូសបញ្ជាក់នូវតួនាទីដែលមិនអាចកាត់ថ្លៃបានរបស់រដ្ឋាភិបាលជប៉ុន ចាប់តាំងពីដំណើរការកសាងសន្តិភាពនៅកម្ពុជា និងការចូលរួមចំណែកយ៉ាងសកម្ម តាំងពីដំណាក់កាលចចារបង្កើតឱ្យមានតុលាការកូនកាត់នេះពោលគឺជប៉ុនបានជួយសម្របសម្រួល និងបានជួយទំលុះភាពទាល់ច្រកទៅលើការខ្វែង គំនិតគ្នារវាងក្រុមការងារចរចារបស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីអង្គការសហប្រជាជាតិទាក់ទងនឹងគំរូតុលាការដែលត្រូវបង្កើតឡើង។ រីឯនៅពេលចាប់ផ្តើមដំណើរការកាត់សេចក្តីចាប់ពីឆ្នាំ២០០៦ រហូតទល់ពេលបច្ចុប្បន្ននេះ ជប៉ុនក៏បាននឹងកំពុងបំពេញតួនាទីជាសហប្រធាននៃក្រុមប្រទេសជាមិត្តរបស់ អ.វ.ត.ក. ជាមួយប្រទេសបារាំងក្នុងការជួយសម្របសម្រួល និងកៀរគរថវិកាសម្រាប់គាំទ្រដល់ដំណើរការកាត់សេចក្តីដោយរលូន និងទទួលបានជោគជ័យ។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបន្តថា គិតរហូតមកទល់ខែតុលា ឆ្នាំ២០២៤នេះ ជប៉ុនជាប់ប្រទេសចំណាត់ថ្នាក់ទី១ ដែលបានផ្តល់ថវិកាសរុបចំនួនប្រមាណ៨៨,៥លានដុល្លារអាម៉េរិក សម្រាប់ទ្រទ្រង់ដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. ដែលស្មើនឹងប្រមាណ២១% នៃចំណាយសរុបចំនួនប្រមាណ ៤១២លានដុល្លារអាម៉េរិក។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហគមន៍អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលតែងបានគាំទ្រទាំងផ្នែកថវិកា និងស្មារតីដល់សាលាក្តីខ្មែរក្រហម រហូតបានបញ្ចប់ដំណើរការនីតិវិធីកាត់សេចក្ដីរបស់ខ្លួនប្រកបដោយជោគជ័យ។