ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនពលរដ្ឋជាង៣០០គ្រួសារ នៅស្រុកសៀមបូក


(ស្ទឹងត្រែង)៖ ឯកឧត្តម ឈាងឡាក់ ប្រធាន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បាននាំយកអំណោយស្បៀង អាហារ និងអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកដល់ប្រជាពលរដ្ឋចំនួន៣១០គ្រួសារ ក្នុងនោះមកពីឃុំអូរម្រះចំនួន៩០គ្រួសារ ឃុំស្រែក្រសាំង៨០គ្រួសារ ឃុំកោះព្រះ៧០គ្រួសារ និងឃុំសៀមបូក ស្រុកសៀមបូក ចំនួន៧០គ្រួសារ។

ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធាមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្ត បានគូសបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាអំណោយបានមកពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា ដែលក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងភួយ១ ផងដែរ។

ឯកឧត្តម សរ សុពុត្រា បានថ្លែងថា ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និងជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ ផ្សេងៗ ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា។

ឯកឧត្តមបន្តថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តស្ទឹងត្រែង ជាសេនាធិការ បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីចូលរួមចំណែក ដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូនបានមួយកម្រិត សំដៅការអភិវឌ្ឍរួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនឱ្យកាន់តែល្អថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី៧នេះ និងបន្តធ្វើឱ្យប្រទេសមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័នលើគ្រប់វិស័យ ព្រមទាំងបានយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស គឺមិនឱ្យប្រជាពលរដ្ឋ ខ្វះខាតលំបាកអ្វីឡើយ។

ជាក់ស្តែងនៅពេលនេះ រាជរដ្ឋាភិបាលបាននាំយកអំណោយឱ្យតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចែកអំណោយដល់ប្រជាពលរដ្ឋជួបនៅការលំបាកខ្វះខាតចំនួន៣១០គ្រួសារ នៅក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីដោះស្រាយជីវភាព និងទុក្ខលំបាក់របស់ប្រជាពលរដ្ឋបានមួយកម្រិត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណ អាជ្ញាធរមូលដ្ឋានមានភូមិ ឃុំ សង្កាត់ទាំងអស់ ដែលតែងតែបានចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងខេត្តគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ដោយនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជនគ្រប់កាលៈទេសៈ៕