(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានចាត់លោកទួន យ៉ាត អនុប្រធានផ្នែកឃោសនាអប់រំ ជាតំណាង ដឹកនាំប្រតិភូសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តមរស់ រ៉េន ទីប្រឹក្សារាជរដ្ឋាភិបាល ដល់គេហដ្ឋាន ស្ថិតនៅសង្កាត់ច្រាំង ចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី៨ខែធ្នូ ឆ្នាំ២០២៤។
លោកទួន យ៉ាត តំណាង ឯកឧត្តមបណ្ឌិត ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នីហ៊ុនម៉ាណែត ព្រមទាំងឯកឧត្តមបណ្ឌិត ចាយ បូរិន ជូនដល់ឯកឧត្តម រស់ រ៉េន និងក្រុមគ្រួសារ ។
ឯកឧត្តម រស់ រ៉េន មានប្រសាសន៍ថា៖ ខ្ញុំបាទនិងក្រុមគ្រួសារពិតជាមានក្តីរំភើបរីករាយឥតឧបមា ខ្ញុំបាទសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោកទួន យ៉ាត តំណាង ឯកឧត្តមបណ្ឌិត ចាយ បូរិន ដែលបានដឹកនាំប្រតិភូមកសួរសុខទុក្ខខ្ញុំបាទនិងក្រុមគ្រួសារដល់លំនៅដ្ឋាន។
ខ្ញុំបាទនិងក្រុមគ្រួសារពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីហ៊ុន ម៉ាណែត ដែលបានដឹកនាំតាមប្រពៃណីដ៏ល្អផូរផង់បន្តពីសម្តេចតេជោ ហ៊ុន សែន គឺការយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។
ឯកឧត្តមបានរម្លឹកពីប្រវត្តិការងារ និងអនុស្សាវរីយ៍ជាច្រើន ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បានចូលបំរើការងារជាអនុប្រធានមន្ទីរក្រសួងឃោសនាការ ព័ត៌មាននិងវប្បធម៌ ប្រធាននាយកដ្ឋាន វប្បធម៌មហាជននិងបោះពុម្ភផ្សាយ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលបន្ទុកការងារវប្បធម៌ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ចំនួន២អាណត្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ចំនួន២អាណត្តិ បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល ។
ឯកឧត្តម រស់ រ៉េន ក៏បានផ្តល់ទស្សនទានដូចខាងក្រោម ៖
១-ត្រូវចងចាំជានិច្ចគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានដឹកនាំចលនាតស៊ូប្រកបដោយការលះបង់ខ្ពស់ យកអាយុជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេស ការពារ និងកសាងប្រទេសជាតិរហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ។
២-គាំទ្រជានិច្ចនិងចូលរួមថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនពោពេញដោយសមត្ថភាព និងគុណធម៌ ដើម្បីបន្តដឹកនាំប្រទេសជាតិ។
៣-យុវជនបន្តវេន ត្រូវបន្តថែរក្សានូវសមិទ្ធផល និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា និងផ្សព្វផ្សាយនូវសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ទៅដល់យុវជនទាំងក្នុងនិងក្រៅប្រទេសដើម្បីបានយល់ ពីគោលមាគ៌ាដឹកនាំនិងសមិទ្ធផលរបស់គណបក្ស។
ក្នុងឱកាសដ៏មានអត្ថន័យនេះផងដែរ លោកទួន យ៉ាត និងក្រុមការងារក៏បានក៏បានប្រគល់ជូននូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតជូនដល់ ឯកឧត្តមរស់ រ៉េន និង
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់រក្សាឯកឧត្តមមានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕