ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងកិច្ចសហការនៃបណ្តាញកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីនតាមរយៈការគ្រប់គ្រងទិន្នន័យជនរងគ្រោះនៅតាមបណ្តារដ្ឋសមាជិកអាស៊ាន នៅសណ្ឋាគារ Raffles Hotel Le Royal កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
សិក្ខាសាលាថ្នាក់តំបន់រៀបចំឡើងក្រោមកិច្ចសហការរវាងអាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និងមជ្ឈមណ្ឌល ARMAC ដោយមានការចូលរួមពីតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋសមាជិក អាស៊ាន ប្រទេសទីម័រឡេស្ត សាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌល ARMAC ប្រតិបត្តិករសកម្មភាពមីន និងអង្គការ-ស្ថាប័នពាក់ព័ន្ធនឹងកិច្ចការជនរងគ្រោះ។
តំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអរគុណចំពោះតួនាទីដ៏សំខាន់របស់មជ្ឈមណ្ឌល ARMAC ក្នុងការជំរុញភាពជាដៃគូក្នុងតំបន់ និងការជំរុញកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន នៅក្នុងតំបន់អាស៊ានសិក្ខាសាលានេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ជនរងគ្រោះ និងបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ និងមូលនិធិសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រយ៉ាងសំខាន់ ក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន ការបោស សម្អាតមីន និងការកសាងសមត្ថភាពនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា ភាពបន្ទាន់ក្នុងការគាំទ្រ និងបំពេញតម្រូវការរបស់ជនរងគ្រោះ ដើម្បីឱ្យពួកគេអាចផ្លាស់ប្តូរជីវិតរបស់ខ្លួន និងអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងក្តីមេត្តាករុណារបស់សម្តេចបានជំរុញដល់កិច្ចខិតខំប្រឹងប្រែង ក្នុងសកម្មភាពបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះនៅកម្ពុជា ហើយក្រោមការដឹកនាំរបស់សម្តេច កម្ពុជាបានឈានមុខនៅក្នុងវិស័យសកម្មភាពមីននៅក្នុងតំបន់ ក៏ដូចជាពិភពលោក ដោយបានប្រែក្លាយផ្ទៃដីរងគ្រោះដោយសារមីន ទៅជាសហគមន៍ដែលមានសុខសុវត្ថិភាព និងមានការអភិវឌ្ឍជាទីកត់សម្គាល់។
ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ បានបញ្ជាក់ថា ចក្ខុវិស័យរបស់សម្តេចធិបតី គឺសកម្មភាពមីន មិនមែនផ្តោតលើតែគ្រាប់មីននោះទេ តែត្រូវផ្តោតសំខាន់លើជីវិតភាព ថ្លៃថ្នូរ និងអនាគតរបស់មនុស្ស ។ កម្ពុជាក៏បានដើរតួរយ៉ាងសំខាន់នៅក្នុងវិស័យសកម្មភាពមីនសាកល ដោយថ្មីៗនេះ កម្ពជាបានបញ្ចប់ភាពជាប្រធានអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សកម្មភាពមីនសាកល និងបានដាក់ចេញនូវផែនការ និងសេចក្តីថ្លែងការណ៍សៀមរាប-អង្គរ ដែលជាឯកសារប្រវត្តិសាស្ត្រ និងជាត្រីវិស័យដ៏សំខាន់របស់ពិភព លោក សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅរួម គឺការលុបបំបាត់ការរងគ្រោះ និងទុក្ខវេទនា បង្កឡើងដោយសារមីន៕
.j.jpg)
.j.jpg)