សម្តេចភក្តី សាយឈុំ និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនបិណ្ឌទី១៤នៅវត្តបទុមវតីរាជវរារាម


នារសៀលថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងារចុះមូលដ្ឋានខណ្ឌ និងក្រុមប្រឹក្សា អាជ្ញាធរខណ្ឌដូនពេញ និងសង្កាត់ចតុមុខផងដែរ បានអញ្ជើញចូលរួមជាមួយ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ប្រារព្ធពិធីសូត្រមន្តកាន់បិណ្ឌវេនបិណ្ឌទី១៤ ដោយចូលរួមនមស្ការព្រះរតនត្រ័យ សមាទានសីល និងស្តាប់ព្រះសង្ឃចម្រើនព្រះបរិត្ត ទេសនា នៅឧបដ្ឋានសាលាវត្តបទុមវតីរាជវរារាម ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លុះវេលាព្រឹកឡើងត្រូវនឹងថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចភក្តី លោកជំទាវ និងក្រុមគ្រួសារ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានរៀបចំប្រគេនយាគូ និងប្រារព្ធកិច្ចដាក់បិណ្ឌ តាមប្រពៃណីព្រះពុទ្ធសាសនា ហើយ រាប់បាត្រវេរភត្តាហារពហុទេវាប្រគេនព្រះសង្ឃ ដារឆ្លងជាកិច្ចបញ្ចប់កម្មវិធីបុណ្យកាន់បិណ្ឌវេនបិណ្ឌទី១៤ ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា សោមនស្សរីករាយ ពោពេញដោយក្តីសប្បុរសដ៏ជ្រាលជ្រៅបំផុត រួមចំណែកលើកតម្កើងប្រពៃណីជាតិឱ្យកាន់តែរុងរឿងអស់កាលជាអង្វែងតទៅ ។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះផងដែរ សម្តេចភក្តី លោកជំទាវ សម្តេចកិត្តិសង្គហបណ្ឌិត រួមជាមួយក្រុមពុទ្ធបរិស័ទទាំងអស់ក៏បានប្រារព្ធបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបុព្វការីជន ទាំងឡាយរួមមាន : មាតាបិតា ជីដូនជីតា និងញាតកាទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងយុទ្ធជន ប្រជាជនដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិទាំងអស់ ជាពិសេសវីរៈកងទ័ពពលីលើសមរភូមិក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដី នាពេលថ្មីៗកន្លងទៅនេះ សូមអនុមោទនាទទួលយកនូវកុសលផលបុណ្យទាំងឡាយនេះ និងសូមលោកអ្នកដ៏មានឧបការគុណទាំងនោះ បានរួចផុតពីទុក្ខទោសទាំងឡាយទាំងពួង និងសូមឱ្យបានទៅសោយសុខក្នុងសុគតិភពជាទីបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ។