អគ្គលេខាធិការអាស៊ានចូលរួមកម្មវិធី៨ ដាច់ដោយឡែកក្នុងថ្ងៃតែមួយនៅទីក្រុងហ្សាការតា


នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកនៃកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) នៅក្នុងឆ្នាំ២០២៥ បន្ទាប់ពីការធ្វើជាប្រធានអាស៊ានជាផ្លូវការរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ក្រោមមូលបទ «បរិយាបន្ន និងនរន្តភាព/ Inclusivity and Sustainability»។

ពិធីនេះ ក៏មានការចូលរួមពីតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំអាស៊ាន។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ឡើងវិញអំពីការគាំទ្រឥតងាករេរបស់លេខាធិការដ្ឋានអាស៊ានចំពោះការងាររបស់ CPR ក្រោមការដឹកនាំរបស់ម៉ាឡេស៊ី នៅឆ្នាំ២០២៥។ លោកក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចការរបស់ CPR ក្នុងការជំរុញអាទិភាពរបស់អាស៊ាន និងពង្រឹងសមាហរណកម្មតំបន់ផងដែរ។

នៅព្រឹកថ្ងៃនេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយលោក Paul Chan Mo-po រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាជុំវិញវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងហុងកុង ក៏ដូចជា សំណើរបស់ទីក្រុងហុងកុង សុំចូលក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

នៅរសៀលថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការអាស៊ាន និងលោកស្រី Sarah Al Bakri Devadason តំណាងអចិន្ត្រៃយ៍ម៉ាឡេស៊ី ប្រចាំអាស៊ាន បានអញ្ជើញថតរូបនៅពីមុខឡូហ្គូរបស់ម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំ២០២៥។ ឡូហ្គូនេះ នឹងត្រូវដាក់តាំងនៅលេខាធិការដ្ឋានអាស៊ាន រយៈពេលពេញមួយឆ្នាំ។ ឡូហ្គូនេះ មិនត្រឹមតែតំណាងឱ្យការដឹកនាំរបស់ម៉ាឡេស៊ី ក្នុងឆ្នាំ២០២៥ នេះទេ ប៉ុន្តែ ក៏តំណាងឱ្យសាមគ្គីភាពរួម សេចក្តីប្រាថ្នារួម និងចក្ខុវិស័យដែលសំឡឹងទៅខាងមុខរបស់អាស៊ានផងដែរ។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់រៀបចំដោយ លោកស្រីស Sarah Al Bakri Devadason តំណាងអចិន្ត្រៃយ៍ម៉ាឡេស៊ីប្រចាំអាស៊ាន ដែលជាប្រធានតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) នៅឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន ព្រមទាំងឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំអាស៊ាន។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជូនពរប្រទេសម៉ាឡេស៊ី ដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ ឱ្យទទួលបានជោគជ័យ និងបានបញ្ជាក់ឡើងវិញពីការគាំទ្រពេញទំហឹងរបស់លេខាធិការដ្ឋានអាស៊ាន សម្រាប់ការដឹកនាំរបស់ម៉ាឡេស៊ី ជាពិសេស នៅក្នុងតួនាទីជាប្រធាន CPR ក្នុងឆ្នាំនេះ។

លោក Stuart Donald Cave Calman ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំអាស៊ាន បានចូលជម្រាបលា បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងឱកាសដែលលោកត្រូវបញ្ចប់អាណត្តិការទូត។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានអបអរសាទរលោក Stuart ដែលបានបញ្ចប់អាណត្តិដោយជោគជ័យជាឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំអាស៊ាន។ ភាគីទាំងពីរបានពិភាក្សាអំពីទស្សនកិច្ចនាពេលខាងមុខរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់ មកលេខាធិការដ្ឋានអាស៊ាន នៅខែកុម្ភៈ ព្រមទាំងផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-នូវែលសេឡង់ ស្របពេលដែលឆ្នាំនេះជាខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា។

នៅរសៀលថ្ងៃព្រហស្បតិ៍ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អញ្ជើញថ្លែងសន្ទរកថាស្វាគមន៍ការដាក់បង្ហាញឡូហ្គូ សម្រាប់អបអរខួបអនុស្សាវរីយ៍៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់។ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ឡូហ្គូនេះ តំណាងឱ្យភាពខ្លាំង និងភាពធន់នៅក្នុងភាពជាដៃគូអាស៊ាន-នូវែលសេឡង់ ក៏ដូចជា កំណើនជាដរាបនៅក្នុងការតភ្ជាប់រវាងភាគីទាំងពីរ តាមរយៈទំនាក់ទំនងពាណិជ្ជកម្ម និងធុរកិច្ច បណ្តាញឌីជីថល ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ព្រមទាំងការប្តេជ្ញាចិត្តដើម្បីពង្រឹងទំនាក់ទំនងបន្ថែមទៀត។

នៅរសៀលថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត Ton Thi Ngoc Huong តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំ វេទិកាអនាគតអាស៊ានលើកទី ២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ នៅប្រទេសវៀតណាម ព្រមទាំងកិច្ចការមួយចំនួនទៀត។

នៅល្ងាចថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាអាហារការងាររៀបចំដោយលោកស្រី Hou Yanqi ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយអាស៊ាន-ចិន រួមទាំង ការបន្តតាមដានការងារពីកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី ២៧ កាលពីឆ្នាំ២០២៤ នៅប្រទេសឡាវ ព្រមទាំងការអភិវឌ្ឍផែនការសកម្មភាពអាស៊ាន-ចិន ពីឆ្នាំ២០២៦-២០៣០ ជាដើម៕