ឯកឧត្តម គួច ចំរើន៖ មន្ត្រីព័ត៌មានត្រូវតែប្រើប្រាស់ព័ត៌មានពិត និងការឆ្លើយតបឱ្យបានលឿន រហ័ស ដើម្បីទប់ស្កាត់ បន្សាប និងពន្លត់បញ្ហា


ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានចាត់ទុកព័ត៌មាន គឺជាអាវុធទំនើប មិនមានកំណត់ចម្ងាយ និងមានល្បឿនលឿន ហើយដែលត្រូវបានគេយកទៅប្រើប្រាស់ជាមធ្យោបាយផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បង្កឱ្យមានជម្លោះ និងសង្គ្រាមជាដើម។ ទន្ទឹមនេះ ឯកឧត្តមបានផ្តាំមន្ត្រីព័ត៌មានក៏ត្រូវតែប្រើប្រាស់ព័ត៌មានពិត និងការឆ្លើយតបឱ្យបានលឿន រហ័ស ដើម្បីទប់ស្កាត់ បន្សាប និងពន្លត់បញ្ហា។

ឯកឧត្តមថ្លែងបែបនេះ ក្នុងឱកាសមន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្តាល និងសិក្ខាកាមដែលជាមន្ត្រីទទួលបន្ទុកការងារព័ត៌មានមកពីបណ្តាក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណជិត ៥០០នាក់ ទទួលបានបណ្តុះបណ្តាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» ដើម្បីឆ្លើយតប ទប់ស្កាត់ទៅនឹងព័ត៌មានក្លែងក្លាយ មិនឲ្យសាយភាយឥទ្ធិពលអវិជ្ជមាននៃព័ត៌មានបំពុល ដោយរួមគ្នាផ្សព្វផ្សាយតែព័ត៌មានពិត និងបន្ដាបព័ត៌មានមិនពិតទាំងឡាយ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។

ស្ថិតក្នុងឱកាសនេះដែរ ឯកឧត្តម គួច ចំរើន ក៏បានថ្លែងថា «ជាមន្ត្រីព័ត៌មានក៏ត្រូវតែប្រើប្រាស់ព័ត៌មានពិត និងការឆ្លើយតបឱ្យបានលឿន រហ័ស ដើម្បីទប់ស្កាត់ បន្សាប និងពន្លត់បញ្ហាបានដ៏មានប្រសិទ្ធភាពដែរ ប៉ុន្តែទាមទារឱ្យមានការពង្រឹងសមត្ថភាពចូលរួមបន្ថែមទាំងអស់គ្នា និងអនុវត្តភារកិច្ចឱ្យសកម្ម ជាពិសេស គឺចូលរួមការពារសមិទ្ធផល និងភាពស្របច្បាប់ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការបម្រើប្រជាជន ឱ្យបានស្ថិតស្ថេរគង់វង្ស»