អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥


បន្ទាយមានជ័យ ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ជូនមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ពិធីនេះប្រារព្ធធ្វើឡើង នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ។

លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហរិញ្ញវត្ថុខេត្ត បានឱ្យដឹងថា ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ គឺជាច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំទី២ ដែលត្រូវបានរៀបចំតាមទម្រង់បង្ហាញថ្មី អនុលោមតាមមាត្រា ៥៩ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

លោក បន្តថា ក្នុងក្របខ័ណ្ឌនៃការត្រួតពិនិត្យថវិកា មាត្រា ៧៥ នៃច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនេះ បានកំណត់ច្បាស់លាស់ថា ការអនុវត្តថវិការដ្ឋ ជាកម្មវត្ថុនៃការត្រួតពិនិត្យថវិកាដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ អនុក្រឹត្យលេខ ២៨៩ អនក្រ.ប្រក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣ ស្តីពីការគ្រប់គ្រងថវិកា និងគណនេយ្យសាធារណៈ ហើយអនុលោមតាមអនុក្រឹត្យនេះ ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុត្រូវបានប្រែក្លាយជា មន្ត្រីត្រួតពិនិត្យថវិកា ។

នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ជូនដល់អ្នកពាក់ព័ន្ធថា ថវិកាឆ្នាំ២០២៥ ត្រូវបានគិតគូរ និងរៀបចំឡើងដើម្បីទ្រទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះនិងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗរបស់កម្ពុជា ទាំងក្នុងក្របខណ្ឌផ្ទៃក្នុងប្រទេស ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក ជាពិសេសដើម្បីសម្រេចឱ្យបានជាអតិបរមានូវគោលដៅជាយុទ្ធសាស្ត្រទាំង៥ ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ច នៃកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះមនុស្សត្រូវបានបន្តកំណត់ជាអាទិភាពគន្លឹះទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេក វិទ្យា ជាអាទិភាពគន្លឹះបន្តបន្ទាប់តាមលំដាប់ និងមានលក្ខណៈប្រទាក់ក្រឡាគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងទិសដៅនៃការអភិវឌ្ឍកម្ពុជា ក្នុងដំណាក់កាលថ្មីខាងមុខ៕