រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥) និងខួបលើកទី២១ឆ្នាំ នៃការគ្រងព្រះបរម រាជសម្បត្តិ របស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និង ឯកឧត្តម ខូយ ឃុនហ៊រ ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី ដោយមានការចុលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ទាំង៨ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងយុវជន ស.ស.យ.ក ខេត្តជាច្រើនរូបទៀត។
ឯកឧត្តម គីម រិទ្ធី បានថ្លែងថា ថ្ងៃនេះជាថ្ងៃដ៏មហានក្ខឬក្សដ៏ឧត្តុង្គឧត្តម ក្នុងនាម ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងប្រជាពលរដ្ឋ នៅទូទាំងខេត្តព្រះវិហារ ទូលព្រះបង្គំយើងខ្ញុំ ពិតជាមានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង ដោយបានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៥ និង ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិខួបលើកទី២១ ឆ្នាំ របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ ខ្ពង់ខ្ពស់បំផុត នៃយើងទាំងអស់គ្នា។
ឯកឧត្តមថ្លែងបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ប្រារព្ធឡើងដើម្បីសម្តែងនូវមនោសញ្ចេតនារីករាយ និងអបអរសាទរក្នុងឱកាសព្រះរាជពិធីឡើងគ្រងព្រះបរមរាជ សម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត និងការរំលឹកដឹងនូវគុណូបការ វីរក្សត្រ នឹងស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្រោមព្រះរាជ បូជនីយកិច្ចដឹកនាំកម្លាំងបង្ក្រាប់អាវុធក្នុងព្រះរាជ បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព ទឹកដី នឹង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ ទ្រង់ បានលះបង់នូវព្រះកាយពល នឹងព្រះ បញ្ញាញាណយ៉ាង ក្លៀវក្លាបំផុត ធ្វើការតស៊ូ ទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ជូនប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប រហូតទួលបានឯករាជ្យពេញ បរិបូរណ៏ទាំងស្រុង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ឯកឧត្តម គីម រិទ្ធី ថ្លែងបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន ដោះស្រាយនូវបញ្ហាសង្គ្រាមឈ្លានពាន ពីសំណាក់កងទ័ពថៃ តាមរយៈការស្វែងរកកិច្ចចរចារការទូត ដើម្បីរក្សាបាននូវអាយុជីវិតកងទ័ព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ រហូតសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានការ ចូលរួមធ្វើជាសាក្សី ដោយលោក Donal J. Trump ប្រធានាធិបតី សហរដ្ឋអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី។ ហើយអ្វីដែល ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា កំពុងទន្ទឹង រង់ចាំនោះគឺ ការវិលត្រឡប់មកវិញនូវវីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលនឹងវិលត្រឡប់មកវិញ ឆាប់ៗនេះ។
ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានប្តេជ្ញាដង្ហែរតាមព្រះរាជតម្រិះដ៏ថ្លៃថ្លា របស់ព្រះអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមគាំទ្រយ៉ាងពេញទំហឹង ក្នុងការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព នឹងចីរភាព ជាពិសេសគឺគន្លឹះអាជទិភាពទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យាដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីឈានឆ្ពោះទៅសម្រេច បានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០៕









































