ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញនាំយកសាររំលែកទុក្ខ និងថវិកាចំនួន៤០លានរៀល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារ នៃសពលោកអនុសេនីយ៍ទោ សៀង សុខ ជាយោធិននៃកងពលធំអន្តរាគមន៍លេខ៣ ដែលបានពលី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដោយរោគាពាធ ក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន ស្ថិតនៅគេហដ្ឋាននៃសព ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមសម្តែងនូវសេចក្តីសង្វេគយ៉ាងជ្រាលជ្រៅ ព្រោះការបាត់បង់លោកអនុសេនីយ៍ទោ សៀង សុខ គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ក៏ដូចជាបាត់បង់នៅវិរកងទ័ពដ៍អង់អាចក្លាហានមួយរូបផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តព្រះវិហារ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ សៀង សុខ សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕














