សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មង្គលសិរី នៃខួបចម្រើនជន្មាយុរបស់សម្តេចពិជ័យសេនា ដែលនឹងឈានចូលមក នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
ក្នុងសារលិខិតជូនរបស់សម្ដេចតេជោ បានសរសេរថា «នាឱកាសដ៏មង្គលសិរីនៃខួបចម្រើនជន្មាយុរបស់ សម្តេចពិជ័យសេនា ដែលនឹងឈានចូលមក ដល់នៅថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាសោមនស្សរីករាយ ប្រកបដោយសេចក្តីស្រឡាញ់រាប់អាន ដ៏ជ្រាលជ្រៅ និងភាពកក់ក្តៅចំពោះ សម្តេចពិជ័យសេនា។
នៅក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមសម្តែងនូវវរោត្តមសម្ភាវកថាចំពោះសម្តេច ដែលមានស្មារតី ស្នេហាជាតិ មាតុភូមិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា។ សម្តេច បានបំពេញករណីយកិច្ច ដ៏មោះមុត ស្វិតស្វាញ ក្នុងនាមជាកុលបុត្រខ្មែរមួយរូប ប្រកបដោយគតិបណ្ឌិតខ្ពស់ដែលបានចូលរួម រំដោះប្រទេស និងប្រជាជនពីរបបប្រល័យពូជសាសន៍ ស្វែងរកសន្តិភាព កសាង និងបន្តថែរក្សាសុខ សន្តិភាព និងស្ថិរភាព នយោបាយ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សំដៅសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ខ្ញុំក៏សូមកោតសរសើរចំពោះស្មារតីក្លាហានមោះមុត និង សកម្មភាពដ៏ស្វាហាប់របស់ សម្តេច និងក្រុមគ្រួសារ ក្នុងការជួយជ្រោមជ្រែង ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា នៅក្នុងកាលៈទេសៈ ដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ បន្តរហូតដល់មានការចុះកិច្ចព្រមព្រៀងសន្តិភាព។
ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរជ័យ សិរីសួស្តីមង្គលគ្រប់ប្រការជូន សម្តេច និង លោកជំទាវ ព្រម ទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕


