ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករប្រមាណ ៤៨៦ហិកតា នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់


គោរពតាមអនុសាសន៍ណែនាំដ៏យកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រសួងធនធានទឹក និងឧតុនិយមត្រូវតែចុះទៅគ្រប់ទីតាំង ដើម្បីអន្តរាគមន៍ជួយដោះស្រាយបញ្ហាទឹកជូនដល់ប្រជាពលរដ្ឋ នៅថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹក ដើម្បីជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៤៨៦ហិកតា នៅតាមបណ្តាសង្កាត់នានា នៃក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សូមជម្រាបថា កិច្ចអន្តរាគមន៍បូមទឹកបានចាប់ផ្តើមតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីតាំងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត ៦៥សេះចំនួន ១គ្រឿង និងម៉ាស៊ីនបូមទឹករបស់ប្រជាកសិករ ៣គ្រឿង ដើម្បីបូមទឹកពីប្រភពស្ទឹងពោធិ៍សាត់ ទៅជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៤៨៦ហិតា នៅក្នុងភូមិក្រាំងតាសែន ភូមិសាលាគំរូ សង្កាត់ព្រៃញី និងភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី នៃក្រុងពោធិ៍សាត់។ គិតមករហូតមកដល់ពេលនេះ ការងារអន្តរាគមន៍បូមទឹកសម្រេចបានប្រមាណ ៤៣៥ហិកតា។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា រាជរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងយកចិត្តដាក់ខ្ពស់ក្នុងការអន្តរាគមន៍បូមទឹកពីប្រភពនានា ក្នុងគោលដៅបម្រើដល់ការងារស្រោចស្រពផ្ទៃដីស្រូវរដូវប្រាំងឱ្យបានគ្រប់គ្រាន់ ព្រមទាំងដោះស្រាយនូវទុក្ខកង្វល់ចំពោះមុខរបស់ប្រជាកសិករឱ្យអស់ពីលទ្ធភាព។ ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយមដែលជាសេនាធិការ បានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ធ្វើអន្តរាគមន៍តាមគ្រប់មធ្យោបាយ ដើម្បីបូមទឹកពីបណ្តាទីតាំងដែលមានទឹក ហើយបញ្ជូនទឹកទៅជួយសង្គ្រោះតំបន់ដែលប្រឈមនឹងការខ្វះទឹក ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់ក្រុមការងាររបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារស្រោចស្រព និងត្រូវត្រៀមជានិច្ចសម្រាប់កិច្ចអន្តរាគមន៍បន្ទាន់ក្នុងករណីមានការខ្វះខាតទឹកសម្រាប់បង្កបង្កើនផល៕