(កោះកុង)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្តេជ្ញាចិត្ត បន្តខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ដូចជា៖ ផ្លូវថ្នល់-ស្ពាន ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងឡូជីស្ទីក រួមទាំងការដាក់ចេញនូវយន្តការគាំទ្រ ដល់ការធ្វើឱ្យប្រសើរឡើង នូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដែលមានការចូលរួមពីឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ជាច្រើនរូប។
ជាកិច្ចចាប់ផ្តើមនាឱកាសនោះឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងថា ក្រសួងបានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន២ រួមមាន៖ (១) ការលើកកម្ពស់សេវាគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្ម ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវា លឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង (២) ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ មាគ៌ានយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧។
ជាមួយគ្នានោះឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងដែរថា «ក្រសួងនឹងប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ដូចជា ផ្លូវថ្នល់-ស្ពាន ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងឡូជីស្ទីក រួមទាំងការដាក់ចេញនូវយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការបង្កើនការតភ្ជាប់ប្រទាក់ក្រឡាពីផ្លូវគោក ដែលជាសមិទ្ធផលមាន ស្រាប់ភ្ជាប់ជាមួយផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ និង កំពង់ផែ ដែលក្នុងនោះការសិក្សា និងអភិវឌ្ឍផ្លូវដែក និងផ្លូវទឹក គឺជាគម្រោងដ៏សំខាន់ដែលក្រសួងត្រូវយកចិត្តទុកដាក់នៅក្នុងអាណត្តិថ្មីនេះ»។
នាឱកាសនោះដែរឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ចំពោះកិច្ចខិតខំប្រឹងប្រែងលើកិច្ចការទាំងអស់នេះ និងការរួមសហការគ្នាបានយ៉ាងល្អពុះពារជម្នះនូវរាល់ការលំបាកគ្រប់បែបយ៉ាង ក្នុងការគ្រប់គ្រង ដឹកនាំ និងប្រតិបត្តិការងារ ជំនាញ រហូតឈានទៅសម្រេចបានជោគជ័យ ឆ្លើយតបបានតាមសំណូមពររបស់ប្រជាពលរដ្ឋ ផែនការគោលនយោបាយរបស់អាជ្ញាធរខេត្ត ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាល ដែលបានប្រគល់ជូន៕