នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វុី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ បានជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មចំនួន ២១១នាក់ ក្នុងខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។
ឯកឧត្តម វុី សំណាង បានលេីកឡេីងពីកិច្ចខិតខំរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាកសិករ ជាពិសេសការសម្រួលដល់ការលក់ស្រូវរបស់កសិករក្នុងរដូវប្រមូលផលនាពេលនេះ។
ឯកឧត្តម គង់ ច័ន្ទវាសនា បានជម្រាបជូនបងប្អូនអាជីវករអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម និងអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលផ្តោតលើយន្តការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើមផលិត បង្កេីនប្រាក់ចំណេញ និងលើកកម្ពស់ជីវភាពប្រជាកសិករ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា អាជីវករលក់ជី និងថ្នាំទាំងអស់គឺជាដៃគូដ៏សំខាន់របស់ក្រសួងកសិកម្ម រដ្ឋបាលខេត្ត និងមន្ទីរកសិកម្មរាជធានី/ខេត្ត ដេីម្បីជួយដល់កសិករ និងបានលេីកទឹកចិត្តឱ្យអាជីវករទាំងអស់ចូលរួមផ្សព្វផ្សាយអ្វីដែលផ្តល់ផលប្រយោជន៍ដល់កសិករ ជាពិសេស បច្ចេកទេសប្រេីប្រាស់ជី និងថ្នាំកសិកម្មដេីម្បីជួយកាត់បន្ថយថ្លៃដេីមផលិតរបស់កសិករ៕