ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប៖​ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវមានទំនួលខុសត្រូវខ្ពស់ លើការបំពេញភារកិច្ច និងការងាររបស់ខ្លួន


(សៀមរាប)៖ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានលើកឡើងថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោមត្រូវមានទំនួលខុសត្រូវខ្ពស់ លើការបំពេញភារកិច្ច និងការងាររបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។ ម៉្យាងទៀតអាជ្ញាធរក្រុង ស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាព ត្រូវក្តាប់ឲ្យបានលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងមូលដ្ឋាន ដើមី្បភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ការលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តម លី សំរិទ្ធ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នាថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក លី សារី អភិបាលរងខេត្ត និងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជានាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត មន្ទីរ កងកម្លាំងទាំងបី និងអាជ្ញាធរក្រុង ស្រុកជាច្រើនចូលរួមផងដែរ។

កិច្ចប្រជុំនេះ ដោយមានរបៀបវារៈចំនួន៦ ដែលកិច្ចប្រជុំសាមញ្ញលើកទី៩របស់ក្រុមប្រឹក្សាខេត្ត លើកយកមកធ្វើការត្រួតពិនិត្យ ពិភាក្សា និងធ្វើការអនុម័ត។ ឆ្លងតាមកិច្ចប្រជុំរបស់ក្រុមប្រឹក្សានេះដែរ ក៏មានធ្វើការកែតម្រូវនូវ អក្ខរាវិរុទ្ធ និងតួលេខ ព្រមទាំង លទ្ធផលសកម្មភាពរបស់រដ្ឋបាលខេត្ត ដែលអនុវត្តបានក្នុងខែមករា ឆ្នាំ២០២៥។ កិច្ចប្រជុំក៏បានអនុម័តទៅកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ និងកិច្ចប្រជុំវិសាមញ្ញ ព្រមទាំងសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត។

កិច្ចប្រជុំនេះដែរ ក៏បានធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត ផ្តល់គោលការណ៍ដោះស្រាយសម្រាប់បញ្ជីសំណួរ និងសំណូមពរចំនួន២៥៩ករណី អំពីអគ្គិសនី, ហេដ្ឋារចនាសម្ព័ន្ធ, ការងារអប់រំ, សុខាភិបាល, វិវាទដីធ្លី និងវិស័យរដ្ឋបាល ដែលបានលើកឡើងនៅក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ ព្រមទាំងបានអនុម័តលើ សេចក្តីព្រាងប្រតិទិនសម្រាប់ការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្តសៀមរាប។

ឯកឧត្តម លី សំរិទ្ធ បានបន្តថា រាល់ការដោះស្រាយពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងពីសំណួរ និងសំណូមពរ គឺត្រូវបានធ្វើការដោះស្រាយជូនប្រជាពលរដ្ឋបានជាបណ្តើរៗនៅតាមមូលដ្ឋាន និងមួយចំនួន ត្រូវធ្វើការដោះស្រាយបន្ត។

ឯកឧត្តមក៏បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារ របស់រដ្ឋបាលខេត្តប្រចាំខែមករា ព្រមទាំង សូមឲ្យមន្ត្រីទទួលបន្ទុកក្នុងការបូកសរុបរបាយការណ៍ ធ្វើការត្រួតពិនិត្យ និងកែសម្រួលឡើងនូវរាល់ពាក្យពេជ្រ និងតួលេខឲ្យបានត្រឹមត្រូវផងដែរ។

ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំ អាជ្ញាធរក្រុង ស្រុក លើការគ្រប់គ្រងលើស្ថាប័ន អង្គភាព ស្ថិតនៅក្រោមឱវាទក្នុងមូលដ្ឋាន ដើមី្បធានាឲ្យបាននូវទំនុកចិត្តពីប្រជាពលរដ្ឋ ដែលបានលើកឡើងកន្លងមក។

ឯកឧត្តមបញ្ជាក់ថា រាល់លទ្ធផលនៃការដោះស្រាយនូវសំណួរសំណូមពរ របស់ប្រជាពលរដ្ឋ សូមឲ្យអាជ្ញាធរក្រុង ស្រុក នាំយកលទ្ធផលទាំងនេះ ទៅធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដែលជាម្ចាស់សំណួរ សំណូមពរ បានដឹងឭ ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដើមី្បឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕