ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ អញ្ជើញចូលរួមពិធីបញ្ចុះខណ្ឌសីមាព្រះវិហាថ្មីនៅវត្តគិរីវណ្ណារាម (វត្តគិរីអណ្តែត) នៅភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានរំលឹកពីអតីតកាលដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបានកាលពីទសវត្សរ៍ឆ្នាំ៧០ វិស័យព្រះពុទ្ធសាសនាត្រូវបានអាប់ឱនដោយសារសង្រ្គាមនិងរបបប្រល័យពូជសាសន៍ប៉ុលពត។ បច្ចុប្បន្នវិស័យព្រះពុទ្ធសាសនានៅកម្ពុជាត្រូវបានរស់ឡើងវិញ និងអភិវឌ្ឍយ៉ាងឆាប់រហ័សទាំងបរិមាណនិងគុណភាព ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំលើមាគ៌ាដ៏ត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ វត្តអារាមកំពុងក្លាយជាកម្លាំងស្នូលនៃសុខដុមនីយកម្មរវាងអ្នកកាន់ព្រះពុទ្ធសាសនា ជាមួយអ្នកកាន់ជំនឿនិងសាសនាសផ្សេងៗទៀតដែលកំពុងមានវត្តមាននៅកម្ពុជាបច្ចុប្បន្ន។ ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាដែលប្រជាពុទ្ធបរិស័ទយកព្រះពុទ្ធសាសនាជាទីពឹងដើម្បីស្វែងរកសេចក្តីសុខ សេចក្តីចម្រើនទាំងក្នុងបច្ចុប្បន្នជាតិ និងក្នុងអនាគតជាតិ។
ឯកឧត្តមបានមានប្រសាសន៍ថា វត្តអារាមគឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ធនធានព្រះសង្ឃប្រកបដោយចំណេះដឹងជំនាញ និងគុណធម៌ ប្រកាន់ក្រឹត្យវិន័យតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត។ សូមព្រះចៅអធិការវត្ត និងគណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ចូលរួមថែរក្សាសមិទ្ធផលនានាដែលបានកសាងនៅក្នុងវត្តនេះឱ្យបានគង់វង្សជាទីកន្លែងសម្រាប់គោរពបូជារបស់ពុទ្ធបរិស័ទរៀងរាល់ថ្ងៃសីល។
សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ព្រះតេជគុណ ហេង សុភ័ក្រ បានកសាងលេចចេញជាសមិទ្ធ ផលផ្សេងៗជាក់ស្តែងនាឱកាសនេះមានរៀបចំពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ ថ្មីទំហំ២៤ម៉ែត្រគុណ២៣ម៉ែត្រ កម្ពស់១៨ម៉ែត្រ ដែលបានកសាងឡើងវិញចាប់ពីឆ្នាំ២០១៤មកដោយបានចំណាយថវិកាកសាងសរុបចំនួន៤០ម៉ឺនដុល្លារ៕

.j.jpg)


.j.jpg)