ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ សត្វគោ ក្របី ជូនដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត មន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន ពេទ្យសត្វ និងបងប្អូនប្រជាពលរដ្ឋ ប្រជាកសិករប្រកបមុខរបរចិញ្ចឹមសត្វចូលរួមផងដែរ។
ឯកឧត្តម សុខ លូ អភិបាលខេត្ត លើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដោយឱ្យមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងពេទ្យសត្វ ខិតខំពិនិត្យលើបញ្ហាការងារប្រកបមុខរបរកសិកម្ម របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ការងារកសិកម្មចិញ្ចឹមសត្វតាមមូលដ្ឋានជាដើម។
ឯកឧត្តមអភិបាលខេត្ត បានស្នើមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពេទ្យសត្វនៅតាមមូលដ្ឋានត្រូវខិតខំយកចិត្តទុកដាក់បន្តយុទ្ធនាការក្នុងការចាក់វ៉ាក់សាំង ការពារជំងឺសត្វ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់ភូមិ នៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីការពារសត្វពាហនៈរបស់ប្រជាពលរដ្ឋកុំឱ្យមានជំងឺផ្សេងៗ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណមន្រ្តីជំនាញ និងពេទ្យសត្វតាមមូលដ្ឋានដែលបានខិតខំបំពេញការងារ ជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមកនេះ និងបន្តខិតខំបន្ថែមទៀត។
សូមបញ្ជាក់ថា នាពេលកន្លងមកមន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងពេទ្យសត្វនៅតាមមូលដ្ឋាន បានអនុវត្តការងារចាក់វ៉ាក់សាំង ការពារជំងឺសត្វពាហនៈ មួយចំនួន នាពេលកន្លងមកជូនបងប្អូន ប្រជាពលរដ្ឋដូចជា វ៉ាក់សាំងការពារជំងឺដុំពកលើស្បែក គោ ក្របី, វ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី, វ៉ាក់សាំងការពារជំងឺអុតក្តាមគោ ក្របី, វ៉ាក់សាំងការពារជំងឺជ្រូក៩មុខ, វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតជាដើម៕