នៅថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីចុះធ្វើការត្រួតពិនិត្យវឌ្ឍនភាពនៃកិច្ចដំណើរការអនុវត្តន៍គម្រោងកែលម្អប្រព័ន្ធធារាសាស្រ្តដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB ) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានអនុវត្តនាពេលកន្លងមកនៅក្នុងភូមិសាដ្រ្តខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តបាត់ដំបង និងខេត្តតាកែវ។
សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីថ្នាក់ជាតិ និងអន្តរជាតិនៃអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្កកំពង់ធំ និងលោកអភិបាលរងតំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពាក់ព័ន្ធក៏បានអញ្ជើញរួមក្នុងកិច្ចប្រជុំផងដែរ៕