នៅរសៀលថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ការរៀបចំយុទ្ធនាការអបអរសាទរខួបលើកទី១១៤ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ នាពេលនេះគឺក្នុងគោលបំណងចូលរួមជាមួយយុទ្ធនាការរបស់អង្គការសហប្រជាជាតិ អបអរសាទរខួប៣០ឆ្នាំ នៃសេចក្ដីថ្លែងការណ៍ទីក្រុងប៉េកាំង និងបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា ព្រមទាំងផ្តោតសំខាន់ក្នុងការធ្វើការរួមគ្នាប្រកបដោយសហថាមពល តាមរយៈអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិបានជំរុញឱ្យមានវត្តមានរបស់ស្ត្រីកាន់តែច្រើនក្នុងការធ្វើសេចក្តីសម្រេចចិត្ត ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងវិស័យឯកជន ដើម្បីចូលរួមជាកម្លាំងចលករប្រកបដោយសក្តានុពលកាន់តែច្រើនឡើងជាបន្តបន្ទាប់នៅក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ និងថែមទាំងបានផ្ដល់អាទិភាពខ្ពស់ដល់ស្ថានភាពស្ត្រីលើគ្រប់រូបភាព នយោបាយ វប្បធម៌ និងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់យ៉ាងច្បាស់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តប្រកបដោយភាពប្រទាក់ក្រឡា ដែលមានក្រសួងកិច្ចការនារីជាសេនាធិការដ៏រឹងមាំ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រយ៉ាងមុតមាំ និងប្តេជ្ញាចិត្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងធនធានទឹក និងឧតុនិយម និងអង្គភាពក្រោមឱវាទ តាមរយៈការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី ដែលតួអង្គសំខាន់ និងជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការជំរុញប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងភាពជាពលរដ្ឋ បន្តការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្ត្រីគឺជាស្នូល»៕