នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក ឡុង ពិសិទ្ធ មន្រ្តីជាន់ខ្ពស់របស់ ADB តំណាងលោកជំទាវ Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា ដើម្បីធ្វើការត្រួតពិនិត្យមើលលើវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អវិស័យធារាសាស្រ្តដែលជាគម្រោងខ្នាតធំរបស់ ADB ក្នុងវិស័យធនធានទឹក។
សូមជម្រាបថា បេសកកម្មបានចាប់ផ្ដើមពីថ្ងៃទី១៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ហើយកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ដ្រីជាន់ខ្ពស់របស់ ADB ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អភិបាលនៃគណៈអភិបាលខេត្តគោលដៅ លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្តគោលដៅ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន មន្រ្តីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងស្ថាប័នពាក់ព័ន្ធ មន្រ្តីថ្នាក់ជាតិ និងអន្តរជាតិនៃអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោងរបស់ក្រសួងគ្រប់លំដាប់ថ្នាក់ជាច្រើនរូប៕