ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន របស់អង្គការមូលនិធិ Diyanet ជូនប្រជាពលរដ្ឋខ្វះខាត៣០០គ្រួសារ នៅខណ្ឌឫស្សីកែវ


នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានអញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន ជូនសាសនិកឥស្លាម ដែលមានជីវភាពខ្វះខាតចំនួន៣០០គ្រួសារ នៅវិហារឥស្លាមគីឡូម៉ែតលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

កញ្ចប់អាហារស្រាយបួសខាងលើទទួលបានការឧបត្ថម្ភ ពីអង្គការមូលនិធិ Diyanet នៃប្រទេសតួកគីយេ តាមរយៈសមាគមគ្រូបង្រៀនខ្មែរឥស្លាម សហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF)។

ក្នុងឱកាសមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងថា អំណោយដែលផ្តល់ជូននាពេលនេះ មិនអាចជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែងនោះទេ ប៉ុន្តែនេះជាទឹកចិត្តរបស់សប្បុរសជន នៃប្រទេសតួកគីយេ ក្នុងនាមឥស្លាមដូចគ្នា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថ្លែងថា ជារៀងរាល់ឆ្នាំអង្គការមូលនិធិ Diyanet នៃប្រទេសតួកគីយេ តែងតែផ្តល់ជំនួយកញ្ចប់អាហារដល់សហគមន៍ឥស្លាមកម្ពុជា តាមរយៈសមាគមគ្រូបង្រៀនខ្មែរឥស្លាម ដែលមានលោក ណុះ ស្លេះ ជាប្រធាន ហើយអង្គការនេះ ក៏មានសកម្មភាពមនុស្សធម៌ជាច្រើនឆ្នាំមកហើយនៅកម្ពុជា មានដូចជាការផ្តល់គោគួរបាន អាហារូបករណ៍ កញ្ចប់អាហារ និងផ្សេងៗទៀត ដែលគិតជាថវិការាប់លានដុល្លារអាមេរិក។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការមូលនិធិ Diyanet ដែលជារៀងរាល់ឆ្នាំតែងតែផ្ដល់ការយកចិត្តទុកដាក់ និងឧបត្ថម្ភដល់ប្រជាជនកម្ពុជា។ លោកបន្តថានេះ គឺជាការចូលរួមចំណែកដ៏សំខាន់មួយជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយដោះបន្ទុកខ្លះៗ ដល់អ្នកដែលមានការលំបាក ហើយសកម្មភាពនេះទៀតសោត ក៏ជាសក្ខីភាពនៃការចែករំលែក ដែលបញ្ជាក់ពីភាតរភាពក្នុងនាមសាសនិកឥស្លាម និងក្នុងនាមមនុស្សជាតិនៅក្នុងពិភពលោក។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា ។

ទន្ទឹមគ្នាដែរ ឯកឧត្តមក៏បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែគាំទ្រចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារទាំងឡាយ ដល់ប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើងនោះទេ ជាពិសេសផ្តល់ឱកាស និងសិទ្ធសេរីភាពគ្រប់សព្វបែបយ៉ាង ដល់សហគមន៍ឥស្លាមកម្ពុជា។

លោក ណុះ ស្លេះ ប្រធានសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានលើកឡើងថា កម្មវិធីចែកកញ្ចប់អាហារខែរ៉ម៉ាឌន ឆ្នាំ២០២៥ អង្គការមូលនិធិ Diyanet នៃសាធារណៈរដ្ឋតួកគីផ្តល់ជំនួយ តាមរយៈសមាគមគ្រូបង្រៀនខ្មែរឥស្លាម (CAMTA) សហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា (CMDF) បានផ្តល់ថវិកាសម្រាប់រៀបចំកញ្ចប់អាហារខែរ៉ម៉ាឌន ចំនួន ១,១០០កញ្ចប់ សម្រាប់ចែកនៅតាមបណ្តារាជធានី ខេត្តចំនួន៥ មានដូចជានៅ ភ្នំពេញ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ កញ្ចប់អាហារទាំងអស់ មានតម្លៃ២៥ ដុល្លារ ក្នុងមួយកញ្ចប់ដោយមានអាហារចំនួន៧មុខ រួមមានដូចជា ផ្លែល្មើ ១គីឡូក្រាម សណ្ដែក ២គីឡូក្រាម ត្រីខកំប៉ុង ២កំប៉ុង ប្រេងឆា ៤ដប អង្ករ ១០គីឡូក្រាម ស្ករស ២គីឡូក្រាម និងអំបិល ២គីឡូក្រាម។

ចំណែកលោក Mohammed Taha Kotan តំណាងអង្គការ មូលនិធិ Diyanet បានថ្លែងថា អំណោយខាងលើទទួលបានការគាំទ្រពី សំណាក់ប្រជាជនតួកគីយេ ក៏ដូចជា រាជរដ្ឋាភិបាលផ្ទាល់ ក្នុងគោលបំណងពង្រឹងសាមគ្គីភាពរវាងអ្នកកាន់សាសនាឥស្លាមទាំងអស់ ហើយនឹងបន្តការជាគាំទ្រចែកកញ្ចប់អាហារស្រាយបួសជូនសាសនិកឥស្លាមនាខាងមុខជាបន្តបន្ទាប់ទៀត៕