ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្ត និងសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្ទឹងត្រែង ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គណៈប្រតិភូអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈចលនាមហាជនខេត្ត និងសមាជិក សមាជិកា គណៈចលនាមហាជនខេត្ត សរុបប្រមាណ ២៥០នាក់។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ស្វាគមន៍របស់ឯកឧត្តមអនុប្រធានគណបក្សខេត្ត និងជាប្រធានប្រចាំការគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម សរ សុពុត្រា ប្រធានគណៈចលនាមហាជនខេត្ត បានធ្វើការប្តេជ្ញាចិត្ត ខិតខំយកអស់កម្លាំងកាយ ចិត្តក្នុងការបំពេញការងារចលនាមហាជន ដោយធ្វើការពង្រឹង និងពង្រីករចនាសម្ព័ន្ធព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវការណែនាំទាំងឡាយរបស់ថ្នាក់កណ្តាល ជាពិសេសបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន។
មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចប្រធាន និងថ្នាក់ដឹកនាំនៃគណបក្សទាំងអសថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្ស ជាពិសេសរចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់នៃគណៈចលនាមហាជនដែលបានចូលរួមយ៉ាងសកម្មក្នុងការងារគណបក្ស ដែលបាននាំមកនូវជ័យជម្នះជូនគណបក្សជាបន្តបន្តាប់ក្នុងការបោះឆ្នោតនាពេលកន្លងមក។ ឯកឧត្តមបន្តថា ជ័យជម្នះរបស់គណបក្សនៅរាល់ការបោះឆ្នោតគឺពិតជាមានសារៈសំខាន់ ព្រោះថាដើម្បីរក្សាសុខសន្តិភាព និងសមិទ្ធផលនានាដែលយើងមានបច្ចុប្បន្ន គឺត្រូវការគណបក្សបន្តដឹកនាំ និងទទួលខុសត្រូវចំពោះជោគវាសនារបស់ប្រទេសជាតិ។
នាចុងបញ្ចប់ ឯកឧត្តមបានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ឱ្យបន្តថែរក្សា នូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្ស ដែលគឺជាមូលដ្ឋានដ៏រឹងមាំក្នុងការសម្រេចសមិទ្ធផលជាបន្តបន្ទាប់របស់គណបក្ស។








