អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមអានសៀវភៅជាមួយលោក Ouk Van day ស្ថាបនិក “បណ្ណាល័យចល័ត” ឬ “ទេសចរណ៍អំណាន”


ព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ នេះ៖  លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមអានសៀវភៅជាមួយលោក Ouk Van day ស្ថាបនិក “បណ្ណាល័យចល័ត” ឬ “ទេសចរណ៍អំណាន” ដែលបានរៀបចំនៅបរិវេណខាងមុខ សាលាបឋមសិក្សា សម្ដេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងនោះផងដែរ លោក ម៉ននី បណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើរ និងជំរុញដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ជាពិសេសគឺកូនខ្មែរទាំងអស់ មានទម្លាប់ក្នុងការអានសៀវភៅឱ្យបានច្រើន ដើម្បីបណ្តុះនូវគំនិត ចំណេះដឹងកាន់តែប្រសើរសម្រាប់អនាគតរបស់ខ្លួនយើងម្នាក់ៗផងដែរ។ លោកបានបន្ថែមថា«សៀវភៅ គឺជាទ្រព្យសម្បត្តិដ៏សំខាន់ក្នុងជីវិត និងការបណ្តុះគំនិតរបស់យើងម្នាក់ៗ សំរាប់ពេលអនាគតរបស់យុវជនយើង»។

បន្ថែមពីនេះលោកអភិបាលក្រុង ក៏សូមអរគុណដល់លោក Ouk Van day ដែលបានចំណាយពេលដ៏មានតម្លៃក្នុងការនាំយកសៀវភៅមកដាក់តាំងនៅក្រុងព្រៃវែង ដែលនេះជាសកម្មភាពការងារមួយដ៏ល្អ ជាពិសេសជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋពិសេសយុវជន នៅក្នុងក្រុងព្រៃវែង និងតាមបណ្តាខេត្តនានា ចូលរួម និងមានទម្លាប់ក្នុងការអានសៀវភៅកាន់តែច្រើនកុះករ។

ក្នុងនោះផងដែរលោក អភិបាលក្រុងព្រៃវែង បានចូលរួមឧបត្ថម្ភថវិកាមួយចំនួន ដល់លោក Ouk Van day ផងដែរ។

សកម្មភាពនេះមានការចូលរួមពី លោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាល លោក លោកស្រីប្រធាន  អនុប្រធាន  និងមន្ត្រីគ្រប់ការិយាល័យ  អង្គភាពចំណុះរដ្ឋបាលក្រុងទាំងអស់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យព្រះអង្គឌួង វិទ្យាល័យ ហ៊ុន សែន កំពង់លាវ លោកគ្រូ អ្នកគ្រូ សាលាបឋមព្រៃវែងក្រុង និងស.ស.យ.ក សរុបប្រមាណ ១៥០នាក់។