នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន ជូនប្រជាពលរដ្ឋចំនួន៤៥០គ្រួសារ នៅក្នុងបរិវេណម៉ាស្ជិតភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រទ្បាច ខេត្តកំពង់ឆ្នាំង។ អំណោយទាំងនេះ ទទួលបានពីសប្បុរសជនប្រទេសម៉ាទ្បេស៊ី សហការជាមួយសមាគមក្តីសង្ឃឹមកុមារ និងចាស់ជរាជនបទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់ប្រជាពលរដ្ឋជាទីនឹករំលឹកបំផុត ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ និងគិតគូរពីប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការសាសនានោះឡើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងបន្តថា អំណោយដែលផ្តល់ជូននាពេលនេះមិនអាចជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋក្នុងរយៈពេលយូរអង្វែងនោះទេ ប៉ុន្តែនេះជាទឹកចិត្តរបស់សប្បុរសជន នៃប្រទេសម៉ាឡេស៊ី ក្នុងនាមបងប្អូនឥស្លាមដូចគ្នា។ អ្វីដែលសំខាន់នោះបងប្អូនប្រជាពលរដ្ឋត្រូវខិតខំប្រកបមុខរបស់ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើង អំពីការរីកចម្រើនលើគ្រប់វិស័យ និងវឌ្ឍនភាពនៃការអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល មានការរីកចម្រើន ដុះដាលជាច្រើនវិស័យ លើសពីសម័យណាៗទាំងអស់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននឹងកំពុងធ្វើឱ្យប្រទេសទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមិនមានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។
ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៊ីនិងប្រជាជនម៉ាឡេស៊ី ដែលតែងតែផ្តល់ជំនួយ និងធ្វើសម្មភាពភាពមនុស្សធម៍ជាច្រើន នៅក្នុងសហគមន៍ឥស្លាមកម្ពុជា ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល ជាមួយរាជរដ្ឋាភិបាល៕