បន្ទាប់ពីអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន និងសម្ពោធអគារទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្រុកព្រះនេត្រព្រះ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ដែលកំពុងបម្រើការងារយ៉ាងសកម្មនៅមណ្ឌលសុខភាព អូរអំបិល ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី និងក្រុមការងារសុខាភិបាល បានឆ្លៀតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលសុខភាព បន្ទប់ឱសថ បន្ទប់ផ្តល់ថ្នាំបង្ការ បន្ទប់ថែទាំក្រោយសម្រាល បន្ទប់ពិនិត្យផ្ទៃពោះ បន្ទប់ពិគ្រោះជំងឺ និងបន្ទប់វះកាត់តូចនិងរបួស ដោយសង្កេតឃើញមានបរិស្ថាន និង អនាម័យល្អ។
នាឱកាសសួរសុខទុក្ខ ស្វែងយល់ពីសកម្មភាពបម្រើសេវាសុខភាព និងពិនិត្យវឌ្ឍនភាពការងារមណ្ឌល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ជាគំនិតយោបល់ភាពជាអ្នកដឹកនាំ និងណែនាំដល់មន្រ្តីសុខាភិបាល នូវចំនុចសំខាន់ៗពាក់ព័ន្ធទៅនឹងសមត្ថភាពការងារ ឥរិយាបទវិជ្ជមាន រួសរាយរាក់ទាក់ ពិនិត្យស្ថានភាពជំងឺល្អិតល្អន់ និងថែមទាំងពន្យល់អោយបានក្បោះក្បាយទាំងស្ថានភាពជំងឺ របៀបរបបនៃការប្រើប្រាស់ថ្នាំសង្កូវ និងការត្រប់មកតាមដានតាមការណាត់ក្នុងមណ្ឌល។
ក្នុងឳកាស ឯកឧត្តមរដ្ឋមន្ត្រី ចុះពិនិត្យការបម្រើសេវាដោយមិនបានដឹងជាមុននេះ បានធ្វើឲ្យបុគ្គលិកមន្ត្រីសុខាភិបាល សម្តែងអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបនឹងទឹកចិត្តថ្នាក់ដឹកនាំ ដែលតែងតែខិតខំប្រឹងប្រែង ជំរុញលើកទឹកចិត្តដល់មន្ត្រីក្រោមឳវាទរួមគ្នាពង្រឹងវិស័យសុខាភិបាលជាបន្តបន្ទាប់ ដើម្បីបម្រើប្រជាជនប្រកបដោយប្រសិទ្ធភាព ស័ក្កសិទ្ធភាព និងកក់ក្តៅ។
សូមជម្រាបថា គ្រប់មន្ត្រីដឹកនាំសុខាភិបាលទូទាំងប្រទេស ពីថ្នាក់ជាតិ រហូតក្រោមជាតិ ខេត្ត ស្រុក មណ្ឌល និងប៉ុស្តិ៍សុខភាព សុទ្ធតែត្រូវបានផ្តល់ឱកាសចូលរួមជួបជុំស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាលើភាពជាអ្នកដឹកនាំ រួមជាមួយឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី តាមរយៈ zoom platform៕