ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្នានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលប្រជុំ និងសមិទ្ធផលនានា ព្រមទាំងប្រកាសបញ្ចូលសមាជិកបក្សថ្មី ចំនួន ២០២នាក់ នៅស្នាក់ការគណៈកម្មាធិការគណបក្សឃុំចោងម៉ោង ស្រុកទឹកផុស។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ របស់ប្រធានគណៈកម្មាធិការបក្សឃុំចោងម៉ោង រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុកាពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាជូនចំពោះអង្គពិធីទាំងមូល និងបានជម្រាបជូនសមាជិក សមាជិកា នៃអង្គពិធី នូវតម្លៃនៃកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពប្រាកដនិយមរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្ដី។ ឯកឧត្ដមប្រធាន បានថ្លែងអំណរគុណ និងធ្វេីការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ និងសមាជិកគណបក្ស ព្រមទាំងប្រជាពលរដ្ឋឃុំចោងម៉ោង ដែលតែងតែស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនគ្រប់អាណត្តិទទួលបានជ័យជម្នះដ៏ត្រចុះត្រចង់ និងបានផ្តល់អនុសាសន៍ផ្តាំផ្ញើរមួយចំនួនដូចខាងក្រោម ៖
១. ចូលរួមអនុវត្តគោលការណ៍ “រក្សាចាស់ បង្កើនថ្មី ” ក្នុងការពង្រឹងគុណភាពសមាជិកបក្សមានស្រាប់ និងខិតខំពង្រីកសមាជិកបក្សថ្មី និងចុះឈ្មោះបោះឆ្នោត ដើម្បីអនុវត្តលទ្ធិប្រជាធិបតេយ្យឱ្យបានខ្ជាប់ខ្ជួន និងដណ្តើមជ័យជម្នះនាពេលខាងមុខ ស្របតាមគោលការណ៍ “សមាជិកបក្សម្នាក់ សន្លឹកឆ្នោតគាំទ្របក្សមួយសន្លឹក”។
២. ក្រុមការងារបក្សឃុំ និងបក្សភូមិត្រូវបន្តធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិកបក្សតាមប្រព័ន្ធកុំព្យូទ័រឱ្យបានត្រឹមត្រូវ និងជាប្រចាំ។
៣. ត្រូវបុរេសកម្មធ្វើផែនការសកម្មភាពសម្រាប់ត្រៀមការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ នាពេលខាងមុខ។
៤. ក្រុមការងារត្រូវបន្តចុះមូលដ្ឋានដល់ភូមិ និងគ្រួសារបក្ស ដើម្បីចិញ្ចឹមចលនាដូចភ្លៀងរលឹម ដោយពង្រឹងសតិអារម្មណ៍ អំពីកម្មវិធីនយោបាយ គោលនយោបាយ គោលការណ៍ និង សេចក្តីសម្រេចនានារបស់គណបក្ស ជាពិសេសស្វែងយល់អំពីសកម្មភាព ស្នាដៃ សមិទ្ធផល និងគុណូប្បការៈដ៏ធំធេង និងស្មារតី៧មករា។
៥. សមាជិក សមាជិកាបក្សថ្មី ត្រូវចូលរួមការពារដាច់ខាតនូវសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី កម្ចាត់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាព ដែលប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា និងរាំងស្កាត់ការជ្រៀតជ្រែករបស់អានុភាពខាងក្រៅ ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លើកកម្ពស់គុណតម្លៃ អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាន នាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុង។
៦. សូមបន្តពង្រឹង និងថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឱ្យបានរឹងមាំបន្ថែមទៀត។
គួរជម្រាបជូនផងដែរថា ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការបក្សឃុំចោងម៉ោង នាពេលនេះ ឯកឧត្តមប្រធាន បានជួយឧបត្ថម្ភនូវថវិកា និងទូរទស្សន៍ខ្នាតធំ ១គ្រឿង, កុំព្យូទ័រយួរដៃ ១គ្រឿង និងម៉ាស៊ីនព្រីន ១គ្រឿង ជូនដល់ស្នាក់ការគណៈកម្មាធិការគណបក្សឃុំ សម្រាប់យកទៅប្រើប្រាស់បម្រើដល់ប្រយោជន៍គណបក្សផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ ។
អគារទីស្នាក់ការគណបក្សស្រុកនេះ មានទីតាំងស្ថិតនៅក្នុងភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ដែលសាងសង់លើផ្ទៃដីទំហំ ៥ ០៧៧ម៉ែត្រក្រឡា មានអគារទំហំ ទទឹង ១៣ម៉ែត្រx បណ្តោយ៣២ម៉ែត្រ កម្ពស់ ៩,៩៧ម៉ែត្រ ជាន់ផ្ទាល់ដី មានសាលប្រជុំធំ១ អាចផ្ទុកបាន ៥៣៥នាក់ សាលប្រជុំគណៈអចិន្ត្រៃយ៍បក្សស្រុកចំណុះ ២០នាក់ និងបន្ទប់ការិយាល័យនានា តភ្ជាប់ពីក្រោយនៃអគារចាស់មានស្រាប់ ។ វឌ្ឍនភាពការងារសាងសង់អគារថ្មីនេះបានប្រមាណ ៦៥% ហើយដែលនឹងត្រូវបញ្ចប់ក្នុងចុងឆ្នាំ ២០២៥ នេះ ហើយដែលនឹងអាចជួយធ្វើឲ្យការងារគណបក្សស្រុកសាមគ្គីមានជ័យកាន់តែមានប្រសិទ្ធភាព និងរីកចម្រើន៕