ពលរដ្ឋទីទ័លក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរងគ្រោះដោយសារគ្រោះធម្មជាតិ ១៦០គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទទួលអំណោយពីរដ្ឋាភិបាល


លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូន ដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន ១៦០គ្រួសារ ដែលជាចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរងគ្រោះដោយ សារគ្រោះធម្មជាតិមកពីភូមិចំនួន១៦ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ការចែកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តនៅពេលនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយ និងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត បើទោះបីជាអំណោយទាំងនេះមិនបានបំពេញតាមតម្រូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយកម្រិតផងដែរ។ ដូច្នេះសូមលោកតា លោកយាយ អ៊ុំ ពូ មីង និងបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកប មុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំឱ្យបានកាន់ច្រើនដើម្បីបង្កើនជីវភាពរបស់ប្រជាពលរដ្ឋឱ្យធូរធាជាងមុន ជាពិសេសត្រូវយល់ដឹងពីបច្ចេកទេសក្នុងការធ្វើការងារកសិកម្ម ទៅតាមការណែនាំរបស់មន្ត្រីជំនាញ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយដោយមិនដឹង និងមិនបានដោះស្រាយនោះឡើយ ជាពិសេសរាជដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានដាក់ចេញនូវ គោលនយោបាយ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល ក្នុងន័យដើម្បីជំរុញកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាពក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងកំណែទម្រង់មុខងារសាធារណៈ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័នព្រមទាំងគោលនយោបាយ និងកំណែទម្រង់ជាច្រើនផ្សេងទៀត។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានផ្តាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយសាររដូវនេះអាកាសធាតុក្តៅខ្លាំង និងមានភ្លៀងកក់ខែខ្លះៗដែល ងាយបង្កឱ្យកើតជម្ងឺដម្កាត់ផ្សេងៗ ហើយបើមានកើតបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ-មេភូមិ ដែលនៅជិតកៀកជាមួយប្រជាពលរដ្ឋផ្ទាល់ ដើម្បីឱ្យក្រុមការងារចុះជួយបានឆាប់រហ័ស និងទាន់ពេលវេលា។ ដោយឡែកអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ដោយយើងនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជនគ្រប់កាលៈទេសៈ៕