នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ បានជួបសំណេះសំណាលជាមួយអភិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងយុវជន នៅឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
តាងនាមក្រុមការងារថ្នាក់ជាតិ ឯកឧត្តមរដ្ឋមន្ត្រី មានគោលបំណងពិនិត្យ និងរកគន្លឹះកែលម្អស្ថានភាពជាក់ស្តែងគ្រប់អនុវិស័យឱ្យមានភាពល្អប្រសេីរ ការពិនិត្យលេីការងារកសិកម្ម និងណែនាំឱ្យគិតគូរពិចារណាងាកមកដាំពូជស្រូវដែលមានតម្លៃទីផ្សារល្អផ្សាភ្ជាប់ការចងក្រងសហគមន៍កសិកម្មទំនេីប ដែលជាគន្លឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច មានការគិតគូរថ្មី ទទួលបានផលប្រយោជន៍រួម មានផលចំនេញសេដ្ឋកិច្ច និងទទួលបានទុនកម្ចីសម្រាប់ផលិតកម្ម ជាជាងការទិញធាតុចូលកសិកម្មដោយជំពាក់ដេប៉ូឬក្រុមហ៊ុន។
ស្របពេលជាមួយគ្នានេះ អភិបាលស្រុកព្រះនេត្រព្រះ និងរដ្ឋបាលឃុំរហាល បានថ្លែងអំណរគុណការយកចិត្តទុកដាក់របស់ កឧត្តមរដ្ឋមន្ត្រី និងក្រុមការងារថ្នាក់ជាតិ ដែលបានខិតខំជួយដល់ប្រជាកសិករ ជាក់ស្តែងការចរចាជាមួយម្ចាស់ដីជួលឱ្យបន្ធូរបន្ថយថ្លៃជួលដីដល់កសិករដាំស្រូវ ជួយអន្តរាគមន៍ថ្លៃស្រូវឱ្យទទួលបានសមរម្យ និងបានសំណូមពរឱ្យមានក្រុមការងារចុះណែនាំពីដំណេីរការនៃការចងក្រងសហគមន៍កសិកម្មទំនេីប។
ឯកឧត្តមរដ្ឋមន្ត្រី បានលេីកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ខិតខំជំរុញការងារផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសេីរ រហ័ស និងមានប្រសិទ្ធភាពខ្ពស់ដល់ប្រជាពលរដ្ឋ ជាពិសេសលេីកកម្ពស់ការយល់ដឹង និងមានទស្សនៈវិស័យវែងឆ្ងាយលេីការងារកសិកម្មណែនាំដល់កសិករដាំក្នុងកម្រិតមួយទទួលបានផលចំនេញសេដ្ឋកិច្ច និងកាត់បន្ថយថ្លៃដេីមផលិត។
បន្ទាប់ពីនោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តជួបសំណេះសំណាល និងពិនិត្យការច្រូតស្រូវរបស់ប្រជាកសិករ នៅឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
តំណាងកសិករដាំស្រូវឃុំរហាល លោក តាំង ប៊ុននេត បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានខិតខំជួយសម្របសម្រួលជាមួយកសិករទាន់ពេលវេលា និងជួយអន្តរាគមន៍តម្លៃស្រូវជាមួយរោងម៉ាស៊ីនកិនស្រូវឱ្យទទួលបានតម្លៃសមរម្យ និងទទួលបានផលចំនេញ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំឱ្យកសិករចូលរួមចងក្រងសហគមន៍កសិកម្មទំនេីប ដែលមានការធ្វេីរួមគ្នា មានផែនការច្បាស់លាស់ និងទទួលបានផលចំនេញរួមគ្នា។ លេីសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលេីកទឹកចិត្តដល់មន្រ្តីកសិកម្មឃុំ ខិតខំបន្តការងារជួយដល់កសិករក្នុងឃុំរហាលបន្ថែមទៀត សំដៅជួយជាជំនួយបច្ចេកទេសប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕