ពិធីបើកវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជំនាន់ទី២


នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៍កម្ពុជា,​ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជំនាន់ទី២​ ចំនួន​ ៣២​ រូប។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកនៃ អ.ដ.ក., ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ថ្នាក់ដឹកនាំនៃបណ្ឌិតសភាភូមិន្ទយុតិ្តធម៌កម្ពុជា, ថ្នាក់ដឹកនាំ​នៃអគ្គលេខាធិការ​ដ្ឋាននៃ​ អ.ដ.ក.​ ព្រមទាំងសិស្សមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ សរុបប្រមាណ ៥០ រូប។

ថ្លែងក្នុងឪកាសនេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានគូសរំលេចពីការបង្កើត​ និងបេសកកម្មរបស់​ អ.ដ.ក.​ ព្រមទាំងផ្តាំផ្ញើឲ្យសិស្សមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២ ទាំងអស់ ខិតខំសិក្សាស្រាវជ្រាវក្រេបយកចំណេះដឹងនូវរាល់ជំនាញក្នុងវគ្គបណ្តុះបណ្តាលរយ:ពេល​ ៣​ ខែនេះ​ សំដៅពង្រឹងសមត្ថភាពជំនាញ​ និងបង្កើន​បទពិសោធន៍លើការអនុវត្តជាក់ស្តែងក្នុងការ​សម្រុះសម្រួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ប្រកបដោយភាពត្រឹមត្រូវ ឆាប់រហ័ស និងមានប្រសិទ្ធភាព៕