ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី


នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើការផ្តល់សេវាកម្មឌីជីថលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីសម្រួសដល់ការបង់ថ្លៃ ការស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងសេវាផ្សេងៗដែលពាក់ព័ន្ធក្រៅពីអាជ្ញាប័ណ្ណទេសចរណ៍ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការគាំទ្រវិស័យទេសចរណ៍តាមរយៈការផ្តល់កម្ចីសម្រាប់ជួយដល់វិស័យទេសចរណ៍ សណ្ឋាគារ ជាពិសេសតំបន់ក្នុងគម្រោងយុទ្ធសាស្រ្តផែនការមេរបស់រដ្ឋាភិបាល រួមមាន៖ សៀមរាប ក្រុងព្រះសីហនុ កែប មណ្ឌលគីរី ព្រមទាំងកិច្ចសហការចំពោះសហគមន៍ទេសចរណ៍ ដែលមានការលក់ដូរផ្សេងៗឱ្យមានការប្រើប្រាស់ KHQR របស់ធនាគារ នឹងមានផ្តល់កម្ចី (Merchant OD សំដៅដល់កម្ចី) សម្រាប់ធ្វើអាជីវកម្មផងដែរ
ជាលទ្ធផលនៃកិច្ចជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ក្នុងពិធីបើកជាផ្លូវការនូវព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យធនាគារសិក្សាលទ្ធភាពក្នុងការផ្តល់កម្ចីក្នុងអត្រាសមរម្យសម្រាប់ជួយដល់សហគមន៍ទេសចរណ៍ និងបានឱ្យធនាគារជួយផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍កម្ពុជាក្នុង Website ACLEDA និង App របស់ ធនាគាររបស់ ACLEDA តួយ៉ាងប្រសិនបើមានដំណើរទស្សនកិច្ចប្រចាំឆ្នាំរបស់ធនាគារ ឬដំណើរកម្សាន្តផ្សេងៗ ស្នើឱ្យធនាគារធ្វើដំណើរកម្សាន្តទៅកាន់សហគមន៍ទេសចរណ៍ ដូចជា៖ ខ្នងផ្សារ, កំពង់ភ្លុក ព្រមទាំងស្នើសុំឱ្យមាននៅក្នុង រដូវកាលបៃតង (Green Season) ផងដែរ។