កិច្ចប្រជុំពិភាក្សារៀបចំកម្មវិធីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យព្រៃឈើកម្ពុជា


នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំកម្មវិធីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យព្រៃឈើកម្ពុជា (Cambodia Emission Reduction Program -CERP)ក្រោមកម្មវិធី SCALE (Scaling Climate Action by Lowering Emissions) ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានតំបន់កាពារធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រុមការងារលេខាធិការដ្ឋានកិច្ចការឥណទានកាបូន មន្ទីរបរិស្ថានខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងក្រុមការងារធនាគារពិភពលោក សរុបចំនួន ៤៥ រូប។

កិច្ចប្រជុំនេះមានគោលបំណង (១) សិក្សាស្វែងយល់ពីតំបន់ដែលមានសក្តានុពល សម្រាប់រៀបចំគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា (CERP) (២) ការកំណត់នូវក្របខណ្ឌវិធីសាស្ត្រក្នុងការអនុវត្តគម្រោង CERP និង (៣) ការប្រមូលធាតុចូលបន្ថែមសម្រាប់របាយការណ៍រកឃើញដំបូងនៃ REDD+ នៅកម្ពុជា។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជួប ប៉ារីស៍ បានជម្រាបជូនពីបទពិសោធន៍ក្នុងការអនុវត្តកម្មវិធីរេដបូកកម្ពុជា ដោយបានចាប់ផ្តើមអនុវត្តន៍ពីគម្រោងតូចៗ រហូតពង្រីកជាគម្រោងធំៗ និងបានផ្តល់ភាពជឿទុកចិត្តខ្ពស់ និងយន្តការគ្រប់គ្រងច្បាស់លាស់ ដោយទទួលបានការទិញឥណទាកាបូនពីកម្ពុជាដោយក្រុមហ៊ុនធំៗរបស់អាមេរិក និងអឺរ៉ុប នាពេលកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានគាំទ្រឱ្យមានការសិក្សារៀបចំនូវកម្មវិធីCERP និងបានណែនាំឱ្យក្រុមជំនាញការរបស់ធនាគារពិភពលោក ចុះពិនិត្យសិក្សានៅតំបន់ភូមិសាស្ត្ពព្រៃឡង់ដែលមាន៤ ខេត្ត គឺខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងក្រចេះ និងតំបន់ទំនាបខាងកើតទន្លេមេគង្គ ជាពិសេសតំបន់ព្រៃសឹករិចរិល។

សម្រាប់ក្របខណ្ឌវិធីសាស្ត្រក្នុងការអនុវត្តគម្រោង CERP ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យអ្នកជំនាញការរបស់ធនាគារពិភពលោក ប្រើប្រាស់នូវវិធីសាស្ត្រ VERRA និង JCM ដើម្បីប្រៀបធៀប និងផ្ទៀងផ្ទាត់គ្នា ថាតើវិធីសាស្ត្រណាមួយល្អប្រសើរជាងគេសម្រាប់បរិបទកម្ពុជា៕