សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិត ជូន លោក ថោងលួន ស៊ីសូលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ ដើម្បីចូលរួមអបអរសាទរចំពោះ ខួបលើកទី៥០ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
តាមរយៈសារលិខិតនេះ សម្តេចបានបញ្ជាក់ទាំងស្រុងដូច្នេះថា៖
ឯកឧត្តម ជាទីគោរពរាប់អាន!
ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តម និងប្រជាជនឡាវជាទីរាប់អាន ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបលើកទី៥០ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
រយៈពេលកន្លះសតវត្សនេះ គឺជាសក្ខីភាពនៃភាពធន់ ការប្តេជ្ញាចិត្ត និងការរួបរួមគ្នារបស់ប្រជាជនឡាវ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ។ វឌ្ឍនភាពដែលសម្រេចបានដោយគណបក្ស រដ្ឋ និងប្រជាជនឡាវ ដែលឆ្លុះបញ្ចាំងតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព ការកាត់បន្ថយ ភាពក្រីក្របានយ៉ាងច្រើន និងគុណភាពជីវិតរបស់ប្រជាជនឡាវដែលបានល្អប្រសើរខ្លាំងឡើង ពិតជាគួរឱ្យ កោតសរសើរ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមមគ្គុទេសក៍ដ៏ឈ្លាសវៃរបស់គណបក្សបដិវត្តន៍ឡាវ ប្រជាជន និងប្រទេសឡាវ នឹងបន្តទទួលបានវិបុលភាពក្នុងរយៈពេលជាច្រើនទសវត្សរ៍តទៅមុខទៀត។
ខ្ញុំមានសេចក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងដែលកំពុងរីកចម្រើនឥតឈប់ឈរទាំងក្នុងក្របខ័ណ្ឌ គណបក្ស រដ្ឋ និងប្រជាជន នៃប្រទេសយើងទាំងពីរ បានផ្តល់នូវលទ្ធផលជាក់ស្តែង និងផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ឈរលើគ្រឹះនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំងនយោបាយ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ ថាមពល ទេសចរណ៍ ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការពហុភាគី។ តាមរយៈ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង និងក្រោមស្មារតីមិត្តភាពប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ ការយោគយល់គ្នាទៅវិញទៅមក និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង កម្ពុជា និងឡាវ នឹងបន្តរីកចម្រើនជាមួយគ្នាលើគ្រប់វិស័យ នៃកិច្ចសហប្រតិបត្តិការ។
ជាថ្មីម្តងទៀត ខណៈទន្ទឹងរង់ចាំសហការការងារជាមួយ ឯកឧត្តម សូម ឯកឧត្តម ទទួលនូវការគោរព រាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម បន្តមានសុខភាពល្អ និងបន្តជោគជ័យគ្រប់ភារកិច្ច ព្រមទាំងវឌ្ឍនភាព និងវិបុលភាពសម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ»៕



