នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២:២៧នាទី ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគពាធ។
ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹក និងសូមចូលរួមរំលែកទុក្ខដ៏កៀមក្រំជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារញាតិមិត្តបងប្អូនសាច់សាលោហិត។ មរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់បងប្រុស ឪពុក ជីតាជាទីស្រលាញ់ប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម និងជាកុលបុត្រខ្មែរដ៏ឆ្នេីមមួយរូបដែលមានមនសិការស្នេហាជាតិមោះមុត បូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនារំដោះជាតិពីរបបប្រល័យពូជសាសន៍ និងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ដោយបានចួលរួមកសាង ការពារ និងរក្សានូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ សេដ្ឋកិច្ច និងការអភិវឌ្ឍលេីគ្រប់វិស័យ។ គំរូវីរភាពដ៏ថ្លៃថ្លារបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នឹងត្រូវកុលបុត្រខ្មែរគ្រប់ជំនាន់ចងចាំជារៀងរហូត។
ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមឧទ្ទិសបួងសួងជូនវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានអញ្ជេីញទៅចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕