រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានបើកវគ្គបណ្តុះបណ្តាលអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅ ជាមន្ត្រីរាជការស៊ីវិលរបស់ខេត្ត ដោយពិធីនេះធ្វើឡើងនៅសាលា ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅ ជាមន្ត្រីរាជការស៊ីវិល ខេត្តកំពង់ចាមប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ លើប្រធានបទចំនួន ៤គឺ៖ ទី១ ការតាក់តែងអត្ថបទ ការរៀបចំសុន្ទរកថា បទអន្តរាគមន៍ និងជំនួយស្មារតី ទី២ ការរៀបចំរបាយការណ៍ ទី៣ ការងារពិធីការ និងទី៤ ការឆ្លុះបញ្ចាំងកិច្ចការសិក្ខាកាម។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ការបើកវគ្គបណ្ដុះបណ្ដាលនេះ ក្នុងគោលបំណងឲ្យមន្ត្រីចេះការងាររដ្ឋបាល អាចទទួលបាននូវមេរៀនល្អៗ និងបទពិសោធន៍ល្អៗ ជាពិសេសគឺការងាររដ្ឋបាលដើម្បីជាមូលដ្ឋាន នៃចំណេះដឹងសម្រាប់ការបន្តវេន។
ឯកឧត្តម សូ មុនីរក្សា បានយកឱកាសនោះវាយតម្លៃខ្ពស់ចំពោះ ការផ្ដួចផ្ដើមរបស់ លោក អ៊ុន ចាន់ដា ដែលបានគិតគូរឲ្យមានវគ្គបណ្ដុះបណ្ដាលនេះ។
ឯកឧត្តម សូ មុនីរក្សា ឲ្យដឹងទៀតថា ការងាររដ្ឋបាល ប្រសិនបើស្ដាប់វាហាក់ដូចជាធម្មតា ប៉ុន្តែវាជាមូលដ្ឋានគ្រឹះមួយ ដើម្បីយើងឈានទៅសម្រេចបានជោគជ័យ ផ្ទុយទៅវិញប្រសិនបើការងាររដ្ឋបាលរបស់យើងមិនល្អទេ នោះបញ្ហាផ្សេងៗ នឹងកើតមានច្រើនមកលើខ្លួនយើង។ ដូច្នេះ នេះជាជំហានដំបូងដែលសិក្ខាកាមទាំងអស់ ត្រូវព្យាយាមស្វែងយល់ទាំងអស់គ្នា ដើម្បីយកចំណេះដឹងនេះទៅសម្រេចការងាររបស់ខ្លួន ឲ្យទទួលបានលទ្ធផលល្អក្នុងអង្គភាពរបស់ខ្លួន៕